(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចេញជូនដំណឹងមួយ ជូនទៅដល់អាជីករទាំងអស់ត្រូវធ្វើការ បញ្ឈប់រាល់ការលក់ដូរ អនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្តកំពង់ស្ពឺ ដោយទុករយៈពេល១៥ថ្ងៃ តម្រូវឲ្យបងប្អូនធ្វើការរុះរើចេញដោយខ្លួនឯង។ នេះបើតាមសេចក្ដីជូនដំណឹង របស់អភិបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ លោក វ៉ី សំណាង បានបញ្ជាក់ថា «ដោយសារកន្លងមកថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ​សង្កេតឃើញថា មានបងប្អូន មួយចំនួនតូច បានមកដល់ដូរនៅតាមចិញ្ចឹមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្ត ដែលជាហេតុធ្វើឲ្យបាត់បង់ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបណ្ដាលឲ្យមានការកកស្ទះ​ចរាចរណ៍ទៀតផង»

លោកអភិបាលបានបញ្ជាក់ឲ្យដឹងថា «ដូច្នេះដើម្បីបញ្ចៀសបានពីបញ្ហាខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ឈប់​រាល់ការលក់ដូរ អនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវ និងរបងជុំវិញបរិវេណមណ្ឌលកីឡដ្ឋានខេត្ត ចាប់ពីពេលជូនដំណឹង​នេះតទៅ ដោយទុករយៈពេល១៥ថ្ងៃ ឲ្យបងប្អូនធ្វើការរុះរើចេញពីទីតាំងខាងលើនេះដោយខ្លួនឯង ក្នុងករណីផុតកំណត់​រយៈពេល បងប្អូនមិនរុះរើ ចេញរដ្ឋបាលខេត្តនឹងចាត់តាំងក្រុមការងារ ដើម្បីចុះអនុវត្តសេចក្ដីជូនដំណឹងនេះ​ ហើយមិន​ទទួលខុសត្រូវចំពោះការខូចខាតឡើយ»

សូមអានព័ត៌មានលម្អិត នៃសេចក្តីជូនដំណឹងរបស់អភិបាល ខេត្តកំពង់ស្ពឺខាងក្រោមនេះ៖