(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថ្កោលទោសកោះតៃវ៉ាន់ចំពោះ ការធ្វើសមយុទ្ធយោធានៅតំបន់កោះកំពុងមានជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង និងថែមទាំងបានហៅ ទង្វើខាងលើនេះទៀតថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះដែនអធិបតេយ្យវៀតណាម និង​សន្តិសុខនាវាចរ​ថែមទៀតផង។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នារសៀល​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរ​កងកម្លាំងការពារ​ដែនសមុទ្ររបស់​កោះតៃវ៉ាន់​បានលើកឡើងថា សមយុទ្ធបាញ់​គ្រាប់ពិត​នៅតំបន់កោះ Itu Aba គឺជាទម្លាប់​របស់ខ្លួន។ តៃវ៉ាន់បាន​ចាប់ផ្តើមធ្វើសមយុទ្ធ​នៅថ្ងៃពុធ និងគ្រោងបញ្ចប់​នៅថ្ងៃសុក្រ​សប្តាហ៍នេះ។ ឆ្លើយតបរឿងនេះ​អ្នកនាំពាក្យក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh បាននិយាយថា «ការធ្វើសមយុទ្ធ​គឺជាការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ចំពោះដែនអធិបតេយ្យវៀតណាម គឺប្រជុំកោះ Spratly និងជាការគំរាមកំហែង​ដល់ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនាវាចរព្រមទាំងសន្តិសុខ»

បន្ថែមពីនេះ​ប្រទេសវៀតណាម ក៏បានអំពាវនាវឲ្យ​កោះតៃវ៉ាន់ មិនត្រូវឲ្យមាន​សកម្មភាពបែបនេះ​កើតឡើង​ម្តងទៀតនោះ​ឡើយ។ គួរបញ្ជាក់ថា​កោះតៃវ៉ាន់ បានអះអាង​អធិបតេយ្យ​ទៅលើកោះ Itu Aba រីឯចិន​គឺអះអាងអធិបតេយ្យលើដែនសមុទ្រ​ចិនខាងត្បូង​ស្ទើរតែទាំងអស់ ដែលក្នុងនោះរួមមាន​ទាំងកោះតៃវ៉ាន់​ផងដែរ ហើយវាជាការប្រឈមមុខគ្នាជាមួយ ប្រទេសអាស៊ាន​មួយចំនួន ក្នុងនោះវៀតណាម​ខ្លាំងជាងគេ៕