(បន្ទាយមានជ័យ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានកាំកុងត្រូលក្រសួង ពាណិជ្ជកម្ម បាននាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ចែកជូនកងទ័ព នៃការពារព្រំដែនគោកលេខ៥០៣ ដែលកំពុងឈរជើង នៅស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សកម្មភាពចុះសួរសុខទុក្ខកងទ័ពខាងលើ ពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ នេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះនៅ បញ្ជាការដ្ឋាន យោធាលេខ៥០៣ នៅឃុំស្លក្រាម ស្រុកស្វាយចេក។

លោកអគ្គនាយកបានលើកឡើងថា អង្គភាពកាំកុងត្រូលមានតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ ដោយគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់រាល់ទំនិញ ម្ហូបអាហារគ្រប់ប្រភេទ ដែលខូចគុណភាព និងគ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

លោកថា «បើកងទ័ព និងប្រជាពលដ្ឋមានសុខភាពមិនល្អ គឺមិនអាចអភិវឌ្ឍន៍ កសាងប្រទេសជាតិឱ្យបានរីកចម្រើន បានឡើយ ដូច្នេះកងទ័ព និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ចៀសវាងការទិញទំនិញ និងផលិតផលម្ហូបអាហារ ដែលគ្មានអនាម័យ គ្មានសុវត្ថិភាព បង្កឱ្យគ្រោះថ្នាក់សុខភាពនោះ»

អគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់ថវិកា និងអំណោយជាច្រើន រួមចំណែកកសាងផ្គត់ផ្គង់ អភិវឌ្ឍន៍អង្គភាពយោធាលេខ៥០៣ ឲ្យមានការភាពរីកចម្រើនផងដែរ។

អំណោយដែលបាននាំយកទៅប្រគល់ជូនកងទ័ពនោះ រួមមាន អង្ករផ្កាម្លិះ៥តោន ទឹកត្រី និងទឹកស៊ីអ៊ីវ ២០០ឡូ ទឹកបរិសុទ្ធ១០០កេស ទឹកក្រូច១០០កេស មី៥០កេសធំ ស្រាបៀរ៥០កេស ឧបត្ថម្ភទីបញ្ជាការកងទ័ពការពារព្រំដែនគោកលេខ៥០៣ ចំនួន៤០លានរៀល និងឧបត្ថម្ភដល់ពលទាហាន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល ផងដែរ៕