(កោះកុង)៖ អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ហាក់ ឡេង បានប្រាប់សមភាគីថៃ ដោយទទូចឲ្យមានការយោគយល់ដល់ប្រជានេសាទ ខ្មែរករណីពួកគាត់ធ្វើការនេសាទហួសដែនសមុទ្រ ហើយសូមចាប់ប្រគល់ជូនកម្ពុជាវិញ ដើម្បីធ្វើការណែនាំបន្តទៀត។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីក្រោមឱវាទ និងតាមបណ្តាអង្គភាពផ្សេងៗ ដែលប្រចាំការនៅមាត់ ច្រកទ្វារអន្តរជាតិ ចូលរួបបើកកិច្ចប្រជុំ ជាមួយអភិបាលស្រុកកោះកូត ខេត្តត្រាត ប្រទេសថៃ ដែលដឹកនាំដោយលោក ណាយ ភីរៈវ៉ាត់ វាំងរ៉ាត់គុន។ កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅក្នុងភោជនីដ្ឋាន ថៈលេភូរីសត ខេត្តត្រាត។

កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ក្រោមប្រធានបទ «ស្តីពីការទាំងនាក់ទំនង រវាងស្រុកទាំង២ មានព្រំប្រទល់សមុទ្រជាប់គ្នា»។

នៅចំពោះសមភាគីថៃ អភិបាលស្រុកមណ្ឌលសីមា បានសុំឲ្យភាគីថៃ មានការយល់យោគចំពោះប្រជាពលរដ្ឋកម្ពុជា បានធ្វើនេសាទហួសដែនកំណត់ សូមឲ្យភាគីថៃមានការយល់យោគ មិនត្រូវធ្វើបាបពួកគាត់ឡើយ ត្រូវរាយការណ៍ជូនដំណឹងមកខាងកម្ពុជាដើម្បីរកដំណោះស្រាយ និងធ្វើការណែនាំ។

លោកបានបញ្ជាក់ថា «កិច្ចប្រជុំពិភាក្សាថ្ងៃនេះ យើងបានរឹតចំណងសាមគ្គីគ្នា។ យើងបានរៀនបទពិសោធន៍គ្នាទៅវិញទៅមក ផ្នែកខាងមន្រ្តីរាជការ និងមន្រ្តីរាជការរវាងស្រុក និងស្រុក ខេត្ត និងខេត្ត ដើម្បីយកបទពិសោធន៍ ដែលស្រុកទាំង២នេះ បានសិក្សាពីគ្នាទៅអភិវឌ្ឍន៍ស្រុកនីមួយៗ»