(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ​ បានអំពាវនាវឱ្យថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ចៀសវាងនូវការធ្វើទុក្ខបុកម្នេញ មួលបង្កាច់ ជេរប្រមាថគ្នាតទៅទៀត ដើម្បីកុំឱ្យមានការឈឺចាប់ ជាពិសេសនៅ អំឡុងរដូវបោះឆ្នោតខាងមុខនេះ។

ការអំពាវនាវនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការអំពាវនាវដូចគ្នាបែបនេះដោយ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឃោសនាសម្រាប់ការបោះឆ្នោតដោយការជេរបញ្ចោរបន្ទោសបង្អាប់ដល់អ្នកដទៃ នឹងនាំឲ្យមានការឈឺចាប់ និងឈ្លោះប្រកែកគ្នា។

ថ្លែងក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បងជីវិត ដោយសារការគប់គ្រប់បែក នៅមុខអតីតមន្ទីរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ លោក កឹម សុខា បានប្រកាសថា ការជេរប្រមាថគ្នា ការដេលត្មេះ រវាងអ្នកនយោបាយ នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន កិត្តិយសជាតិ និងកិត្តិយសប្រជាពលរដ្ឋជាពិសេសធ្វើឱ្យមានការឈឺចាប់នៅក្នុងសង្គមកម្ពុជា។

លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមគណបក្សសង្រ្គោះជាតិ ជាពិសេសជិតដល់រដូវបោះឆ្នោតផង យើងខ្ញុំមើលឃើញថា ទោះបីជាមានទស្សនៈផ្សេងគ្នា ប្រកួតប្រជែងគ្នាក្នុងការ​បោះឆ្នោតដើម្បីដណ្តើមយកសំឡេងនៃការគាំទ្រក៏ដោយ យើងត្រូវតែចៀសឱ្យបាន នូវអំពើហិង្សា នូវការជេរប្រមាថ នូវការមួលបង្កាច់ នូវការគំរាមកំហែង ទាំងអស់នេះ ទោះបីនរណាចាញ់នរណាឈ្នះក៏ដោយ ប្រហែលជា អត់មានការឈឺចាប់ទេ ប៉ុន្តែបើសិនជានៅតែមានអំពើអយុត្តិធម៌ ទោះចាញ់ឈ្នះហើយ ក៏នៅតែមានការឈឺចាប់អញ្ចឹង»។

ជាការកត់សម្គាល់ នាពេលកន្លងទៅ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី តែងតែរិះគន់ វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន។ លោក សម រង្ស៊ី ក៏បានចោទប្រកាន់រដ្ឋាភិបាល ដោយមិនមានមូលដ្ឋានថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ផងដែរ៕