(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់​ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានដាក់បង្ហាញសាកល្បង​ដំបូងបង្អស់ នូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ Huawei P10 & P10 Plus ក្នុងចំណោមមិត្តអ្នកសារព័ត៌មាន​​កម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

កម្មវិធីនេះមាន មិត្តអ្នកសារព័ត៌មាន និងក្រុមការងារ Huawei ចូលរួមប្រមាណ​២៥នាក់ ដំបូងបង្អស់នៅកម្ពុជា ធ្វើឡើងនៅហាង នំប៉័ងអន្តរជាតិលំដាប់លេខ​១ មកពីប្រទេសកូរ៉េ គឺ TOUS les JOURS មានលក់នំប៉័ងគ្រប់់ប្រភេទ តាមបែបបារាំងនិងអាស៊ី រួមទាំងនំខួបកំណើតរសជាតិឈ្ងុយឆ្ងាញ់ តាមរូបមន្តពិសេស ពីប្រទេសកូរ៉េ, និង ត្រូវបានទទួលសិទិ្ធនំាចូល និងបើកដំណើរការនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុន យីនកុកហ្វូដខប (ស៊ីប៊ីអិម) នៅឆ្នាំ២០១១ ដែលបច្ចុប្បន្នមានសាខាស​រុបចំនួន១៣ហាង។ ​

ភាពលេចធ្លោនៃ អធិរាជស្មាតហ្វូនកាមេរ៉ាភ្លោះ Huawei P10 & P10 Plus បានធ្វើឲ្យមិត្តអ្នកសារព័ត៌មានស្ទើរគ្រប់គ្នា ស្រឡាំងកាំង និងលាន់មាត់សរសើរ មិនដាច់ពីមាត់ ពីសមត្ថភាព ដ៏អស្ចារ្យរបស់ស្មាតហ្វូន របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០១៧នេះ។ Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនដើមឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោកឆ្នាំ២០១៧ (MWC) និងទទួលបាន​២៣ពាន់​រង្វាន់​ថែមទៀត។ រូបរាងរចនាបថ ទាំងមូលរបស់ Huawei P10 & P10 Plus គឺកាន់តែស្ដើងជាងមុនបែប Unibody និងមានសន្ទះខាងក្រោយស្រោបដោយ លោហៈធាតុ។

​អេក្រង់៖
អេក្រង់របស់ Huawei P10 និង P10 Plus គឺមានទំហំ​ខុសគ្នា ច្រើនរវាងពីរ ស៊េរីនេះ គឺមានមួយធំ និង មានមួយតូច។ សម្រាប់ អេក្រង់ Huawei P10 ប្រើប្រាស់កញ្ចក់ 2.5D Curved Gorilla Glass 5 មានទំហំ 5.1 អ៊ីញ អាចបង្ហាញ កម្រិតរូបភាព ត្រឹម Full HD 1080P ប៉ុន្តែ Huawei P10 Plus វិញអាចបង្ហាញ កម្រិតរូបភាព Quad HD គឺជាកំរិតរូបភាព ច្បាស់ ធំ 2K ឯណោះ តែការ​ប្រើប្រាស់ ប្រភេទកញ្ចក់​ដូចគ្នា និងមានទំហំធំ 5.5 អ៊ីញ។

កម្លាំងម៉ាស៊ីន៖
ទាំង P10 និង P10 Plus ប្រើប្រាស់បន្ទះ​ឈីប Kirin ៩៦០ ជំនាន់ថ្មី ដែលវា​អាចដំណើរការ បានកាន់តែខ្លាំង និងស៊ីថ្មតិច ហើយក៏អាច ប្រកួតប្រជែង ជាមួយបន្ទះឈីប លំដាប់កំពូល របស់ក្រុមហ៊ុន ដទៃផងដែរ។ រីឯ Ram វិញនោះ Huawei P10 មាន Ram 4GB/64ROM និង P10 Plus វិញគឺមាន Ram 4GB/64ROM ដោយទំហំប៉ុននេះ គឺគ្រប់គ្រាន់ ក្នុងការបើក កម្មវិធីច្រើន មិនងាយស្ទក់ ម៉ាស៊ីននោះឡើយ។

សមត្ថភាពកាមេរ៉ា៖
Huawei P10 & P10 Plus បំពាក់ដោយបច្ចេកវិទ្យា កាមេរ៉ា Leica មុខក្រោយ
•​ កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 ដែលអាច ថតបានវែង ផ្តិតពណ៌ និងពន្លឺបាន ល្អខ្លាំង
•​ កាមេរ៉ាភ្លោះ 2 គ្រាប់ ដោយ មួយគ្រាប់ទំហំ 12 មេហ្គាភិច និង មួយគ្រាប់ទៀត 20 ភិចសែល monochrome
• ​មានបច្ចេកវិទ្យា OIS ទៀតផង និងកម្រិត Aperture សម្រាប់កាមេរ៉ាទាំងពីរ គ្រាប់គឺដូចគ្នា និងមាន Aperture f/2.2
•​ មានមុខងារ Portrait Mode ដែលអាច ដំណើរការ បានល្អជាង
• ​អាចថតវីឌីអូបានដល់កម្រិត 4K

ប្រព័ន្ធប្រតិបត្តិការ៖
Huawei P10 និង P10 Plus ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ ផ្ទាល់តែម្ដង ស្រោបឡើង ដោយ Emotion UI 5.1 ថ្មី ដែលមាន ភាពសាមញ្ញ តែបង្កប់ដោយមុខងារច្រើន និងអាចដំណើរការបានលឿន មិនស្ទក់ និងមិនស៊ី រ៉េមច្រើន នោះទេ។

កម្លាំងថ្ម៖
កាន់តែប្រសើរជាងមុន Huawei P10 និង P10 Plus បានបង្កើនសមត្ថភាព កម្លាំងថ្មរបស់ខ្លួន ដោយ Huawei P10 មានថាមពលថ្ម ទំហំ 3200mAh សម្រាប់កម្លាំង ថ្មរបស់ Huawei P10 Plus វិញ មានធំជាង ដល់ទៅ 3750mAh ឯណោះ។ ដូច្នេះម្ចាស់របស់ Huawei P10 និង P10 Plus អាចរីករាយ ជាមួយនឹង ការប្រើប្រាស់ទូរស័ព្ទបានយូរ​និង សាកថ្មក៏ឆាប់ពេញ ជាមួយនឹងបច្ចេកវិទ្យា SuperCharge របស់ Huawei​។

Huawei P10 និង P10 Plus នឹងមានវត្តមានជាផ្លូវការឆាប់ៗ នេះនៅកម្ពុជា ជាមួយជម្រើសច្រើនពណ៌ ខណៈដែលនៅប្រទេសចិនទទួលបាន ការគាំទ្រខ្លាំងរហូតអាចធ្វើឲ្យ Huawei រកចំណូលបានជាង១៤.៥លានដុល្លារ​​ គ្រាន់តែចេញលក់បាន១នាទី៕