(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញចុះធ្វើទស្សកិច្ច នៅវិទ្យាស្ថានបច្ចេកទេសមីន របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ នៅឯខេត្តកំពង់ឆ្នាំង នេះបើតាមការបញ្ជាក់របស់មន្ត្រីស៉ីម៉ាក់ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែមីនានេះ។

បើតាមមន្ត្រីស៉ីម៉ាក់បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតប្រទេសអាមេរិក ដែលជាប្រទេសធ្លាប់ទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា ប្រមាណ៣លានតោននោះ លោក William ​A. Heidt នឹងអញ្ជើញពិនិត្យការងារគម្រោងមួយចំនួន ដែលអាមេរិកគាំទ្រដល់កម្ពុជាក្នុងការដោះមីន តាមរយៈអង្គការមួយចំនួន ហើយលោកឯកអគ្គរដ្ឋទូត និងលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមស៉ីម៉ាក់ ដែលបញ្ចប់វគ្គសិក្សា លើជំនាញកម្ទេចគ្រាប់ ដែលគាំទ្រដោយអាមេរិក។ ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរដ្ឋទូតអាមរិក ក៏នឹងត្រូវពិភាក្សាការងារទ្វេភាគីជាមួយ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ពាក់ព័ន្ធបញ្ហាដោះមីននៅកម្ពុជា។

យ៉ាងណាក៏ដោយក្នុងជំនួប ពិភាក្សាការងាររវាងអគ្គនាយកស៉ីម៉ាក់ និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt ជាលើកដំបូងនេះ ត្រូវគេរំពឹងថា អាចនឹងមានការលើកឡើង ពីបញ្ហាបំណុលដែលអាមេរិក តែងតែអះអាងថា បន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ជាង៦០០លានដុល្លារទៅហើយនោះ។ ខណៈដែល លោក ហេង រតនា ជាញឹកញ៉យ ត្រូវបានគេដឹងថា តែងតែលើកឡើងថា សហរដ្ឋអាមេរិក ដែលទម្លាក់គ្រាប់បែកលើទឹកដីខ្មែរ សម្លាប់ប្រជាជនជាងកន្លះលាននាក់ហើយ បែរជាមកទារលុយថ្លៃគ្រាប់បែកពីកម្ពុជាទៅវិញ។

សូមជម្រាបថា ជារឿយៗស៉ីម៉ាក់ តែងតែដោះបន្សាបបានគ្រាប់បែកទម្លាក់ពី លើយន្តហោះអាមេរិក ប្រភេទ MK82 និងគ្រាប់បែកប្រភេទផ្សេងទៀត ដែលបានគំរាមកំហែងដល់សេចក្តីសុខ របស់ប្រជាជនខ្មែរ ដោយយកទៅរក្សាទុកនៅ វិទ្យាស្ថានបច្ចេកទេសមីន នៅឯខេត្តកំពង់ឆ្នាំង, សង្ឃឹមថា លោក William ​A. Heidt នឹងបានឃើញផ្ទាល់ភ្នែក នូវគ្រាប់បែកដែលបន្សល់ទុក ពីការទម្លាក់ដ៏ច្រើនសន្ធឹកសន្ធប់របស់ប្រទេសលោក មកលើកទឹកដីកម្ពុជា។

អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕