(ភ្នំពេញ)៖ ជនជាតិកូរ៉េខាងត្បូង៥នាក់ ដែលកើតជម្លោះរហូតវាយតប់គ្នា បណ្តាលឲ្យសន្លប់ស្តូកស្តឹង និងរហូតវាយបំបែកសម្ភារ​នៅក្នុងហាងទៀតនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបាននគរបាលខណ្ឌចំការមន បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់តាមច្បាប់។ ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានរាយការណ៍មកថា បុរសកូរ៉េខាងត្បូងទាំង៥រូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារងមួយរូប នៅក្នុងបន្ទប់។

សូមបញ្ជាក់ថា បុរសជនជាតិកូរ៉េម្នាក់ ដែលលើខ្លួនមានចាក់ស័ក្តិយ៉ាងពេញ បានសន្លប់ស្តូកស្តឹងដេកលើផ្លូវ ខណៈ៤នាក់ទៀត ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចូលច្រៀងផឹកស៊ីស្រវឹងទាស់សំដីគ្នា នៅក្នុងខារ៉ាអូខេមួយកន្លែង យីហោ Galaxy ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបណ្តាលឲ្យផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

សាក្សីដែលនៅកន្លែងកើតហេតុបានរាយការណ៍ថា ជនជាតិកូរ៉េទាំង៥នាក់នោះ បានចូលច្រៀងផឹកស៊ីក្នុងខារ៉ាអូខេកូរ៉េ តាំងពីយប់មិញមកម្ល៉េះ លុះព្រឹកឡើង បានឈ្លោះប្រកែកគ្នា រហូតវាយបំផ្លាញរបស់របរក្នុងហាង ហើយចេញមកក្រៅវាយគ្នាថែមទៀត រហូតដល់មានជនជាតិកូរ៉េម្នាក់ សន្លប់ដេកលើផ្លូវ៕