(ស្ទឹងត្រែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន នៅទីបញ្ជាការយោធភូមិភាគទី១ សរុបប្រមាណជា ៦០០នាក់ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។ ក្រៅពីនោះ ក៏មានការចូលរួម ពីសំណាក់ មេបញ្ជាការយោធភូមិភាគទី១ គណៈប្រតិភូអមដំណើរអាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត។

លោក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានឲ្យដឹងថា ផ្តើមចេញពីការចងសម្ព័ន្ធមេត្រីភាពយ៉ាងស្អិតរមួត រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយយោធភូមិភាគទី១ នាពេលកន្លងមក សមិទ្ធផលសំណង់អគារ និងគ្រឿងបំពាក់នានា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ ។

លោក ហួត ឈាង បានបន្តទៀតថា សមិទ្ធផលនេះ គឺបង្ហាញពីចំណងសាមគ្គី ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងស្ថាប័នរដ្ឋ ក្រុមហ៊ុន ជាមួយកងទ័ព សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរឡើង ដើម្បីធានាបម្រើឲ្យការងារប្រយុទ្ធ និងកសាងអង្គភាពរឹងមាំគ្រប់ពេលវេលា សម្រាប់ភារកិច្ចការពារជាតិមាតុភូមិកម្ពុជា ។
នៅក្នុងឱកាសនោះ លោក ហួត ឈាង ក៏បានស្នើសុំសំភារៈប្រើប្រាស់ និងម៉ាស៊ីនភ្លើងធុនតូចចំនួន៣គ្រឿង សរុបថវិកា ប្រមាណជា២៨៥០ដុល្លារ។ជាការឆ្លើយតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានយល់ព្រមតាមសំណើរ ដើម្បីសម្រួលដល់ទីបញ្ជាការ ។

 រដ្ឋមន្រ្តី វង សូត ក៏បានលើកឡើងបន្ថែមថា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសសម្តេចទាំងបី ដែលជានិច្ចកាលបាន គិតគូរ ចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំង ប្រដាប់ អាវុធ របស់យើងនៅគ្រប់ទីកន្លែង ។

រដ្ឋមន្រ្តីបន្ថែមថា ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាភូមិភាគនានា ជាក់ស្តែងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចងសម្ព័ន្ធ មេត្រីភាព ជាមួយយោធភូមិភាគទី១ ដើម្បីជម្រុញអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាលអំពីខឿនការពារជាតិ ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះដែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានឧបត្ថម្ភថវិកាចំនួន ២០ លានរៀល ជូនដល់ទីបញ្ជាការយោធភូមិភាគទី១ និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងស្រាបៀផងដែរ៕