(ភ្នំពេញ)៖ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥២ឆ្នាំ(១៩៦៥-២០១៧) នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា នារាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអ៊ីនធើកុងទីណង់តាល់។

ពិធីនេះធ្វើឡើងដោយមានការចូលួមពី ក្រោម លោក ណាវីន ស៊្រីវ៉ាស្តាវ៉ា​ (H.E.Naveen Srivastava) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា មន្ត្រីរាជរដ្ឋាភិបាល មកពីតាមក្រសួង ស្ថាប័ននានា សិស្សនិស្សិត អ្នកសារព័ត៌មានជាតិ អន្តរជាតិ ព្រមទាំងមានការសម្តែងក្រុមសម្តែងសិល្បៈកម្ពុជា-ឥណ្ឌា និងមានការចាប់ឆ្នោតផ្សងសំណាងផ្តល់សេចក្តីសប្បាយរីករាយផងដែរ។

នៅក្នុងឱកាសនោះ លោក ណាវីន ស៊្រីវ៉ាស្តាវ៉ា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា-ឥណ្ឌា ធា្លប់មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាប្រពៃណីចាយូរលង់ណាស់មកហើយ ពោលគឺតាំងពីឆ្នាំ១៩៦៥ មកម្ល៉េះ រហូតដល់ឆ្នាំ២០១៧នេះ ជាខួបលើកទី៥២ឆ្នាំហើយ។

លោកបន្តថា តាមរយៈទំនាក់ទំនងដ៏យូរលង់នេះ ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាបានផ្លាស់ប្តូរទំនាក់ទំនង កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដូចជាការផ្លាស់ប្តូរទំនាក់ទំនងទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រទេសទាំងពីរ និងមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ គ្នាទៅវិញទៅមកយ៉ាងជីតស្និទ្ធ។ លើវិស័យអប់រំឆ្នាំ២០១៧នេះ រដ្ឋាភិបាលឥណ្ឌាបាន បង្កើនចំនួនអាហាររូបករណ៍សម្រាប់សិស្ស និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅក្នុងប្រទេសឥណ្ឌា ហើយតាមប្រសាសន៍លោក  ណាវីន ស្រ៊ីវ៉ា ស្តាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ​នៅកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំសិស្សនិស្សិតកម្ពុជាចំនួន២៥នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សានៅប្រទេសឥណ្ឌា។
សម្រាប់ឆ្នាំ២០១៧នេះ​រដ្ឋាភិបាលឥណ្ឌាបានបង្កើនអាហារូបករណ៍រហូតដល់២៧កន្លែង នៅតាមសាកលវិទ្យាល័យល្បីនានា ដែលទទួលស្គាល់ជាអន្ដរជាតិ។ ក្រៅពីនេះក៏មាននិស្សិតកម្ពុជាមួយចំនួនទៀត បានទៅបន្តការសិក្សាលើមុខវិជ្ជាផ្សេងៗតាមរយៈការបង់ថ្លៃខ្លួន នៅក្នុងប្រទេសឥណ្ឌាផងដែរ។

លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងទៀតថា ឆ្នាំមុនយើងមានសិស្សនិស្សិតកម្ពុជាចំនួន ២៥រូប បានជាប់អាហារូបករណ៍ ក្នុងនោះ២៤រូប បានទៅបន្តការសិក្សា ប៉ុន្តែមានម្នាក់បានខកខាន។ សម្រាប់ឆ្នាំនេះយើងមាន សិស្ស និស្សិតចំនួន២៧រូប ក្នុងនោះមានចំនួន ២៦រូប ដែលគ្រោងនឹងទៅបន្ដការសិក្សានៅប្រទេសឥណ្ឌា។ គិតត្រឹមឆ្នាំ២០១៧នេះ សិស្ស និស្សិតកម្ពុជា ដែលបានទទួល អាហារូបករណ៍ ទៅបន្ដការសិក្សានៅប្រទេសឥណ្ឌាប្រមាណពី ៣០០ ទៅ៤០០នាក់ ដែលអ្នកទាំងនោះត្រូវបានផ្គត់ផ្គង់ការចំណាយផ្សេងៗ មានដូចជា៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ការរស់នៅ ប្រាក់ឧបត្ថម្ភសៀវភៅ ប្រាក់ឧបត្ថម្ភលើកន្លែងស្នាក់នៅ សំណងនៃការចំណាយ វេជ្ជសាស្រ្ត និងសំបុត្រយន្ដហោះធ្វើដំណើរទៅមកឥណ្ឌា-កម្ពុជាផងដែរ។

ជាមួយគ្នានោះដែរ លោក សៅ ជីវ័ន្ដ រដ្ឋលេ​ខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតនិស្សិតកម្ពុជាមួយរូបដែលធ្លាប់បានទៅសិក្សានៅប្រទេសឥណ្ឌា បានលើកឡើងថា នៅក្នុងពិព័ណ៌អប់រំឥណ្ឌា ដោយមានស្ថាប័នអប់រំល្បីៗចំនួន១១របស់ឥណ្ឌាចូលរួម កាលពីព្រឹកថ្ងៃទី២៨ មីនានេះដែរនៅ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ថា ការទៅសិក្សានៅប្រទេសឥណ្ឌា សិស្ស និស្សិត បានទទួលផលប្រយោជន៍៣យ៉ាង គឺទទួលបានការគោរពគ្នាទៅវិញទៅមក ចេះភាសាអង់គ្លេសដូចបានទៅសិក្សានៅប្រទេសផ្សេងៗទៀតដែលគេហៅថាប្រទេសល្អនោះ ព្រោះប្រទេសឥណ្ឌាជាប្រទេសមួយល្អខាងភាសាអង់គ្លេស មិនចាញ់ប្រទេសផ្សេងទៀតលើពិភពលោកនោះឡើយ ហើយម៉្យាងទៀតតម្លៃនៃការចាយវាយក៏ថោកមិនសូវជាពិបាកក្នុងការសិក្សា។

លោកបន្ដថា តាមពិតទៅសាលានៅប្រទេសឥណ្ឌាគេមានច្បាប់តឹងរ៉ឹងណាស់ គេបានទទួលស្គាល់ជាអន្ដរជាតិ ហើយសិស្ស និស្សិត ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅឥណ្ឌា បើចង់ទៅបន្ដការសិក្សានៅប្រទេសផ្សេងទៀត គឺអាចធ្វើបានយ៉ាងងាយដោយសារពិភពលោកត្រូវបានគេទទួលស្គាល់លើពិភពលោកថាមានស្តង់ដារល្អ។

សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយ ដែលមានវប្បធម៌អារិយធម៌ប្រពៃណី ផ្សព្វផ្សាយស្ទើគ្រប់ទិសទីទូទាំងពិភពលោក។ ក្នុងនោះកម្ពុជា និងឥណ្ឌាមានវប្បធម៌ជាប់ពាក់ព័ន្ធជាមួយគ្នាមានប្រវត្តិយូរលង់មកហើយ ហើយបច្ចុប្បន្ននេះឥណ្ឌាគឺជាមហាប្រទេសនៅអាស៊ីខាងត្បូង មានការរីកចម្រើនលឿនឆាប់រហ័សទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាផងដែរ៕