កម្លាំងនគរបាលការិយាល័យសន្តិសុខ និងនគរបាលខណ្ឌសែនសុខ ចាប់មេកន្ទុយលេខនៅផ្សារឈូកមាស តែពលរដ្ឋថា ប្រៀបដូចគោះទឹកបង្អើលត្រី
29-03-2017 18:08
(ភ្នំពេញ)៖ កម្លាំងនគបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងនគបាល ខណ្ឌសែនសុខ បានឆ្មក់ចូលចាប់មេកន្ទុយលេខម្នាក់ ដោយដកហូតក្រដាសកត់ម៉ាស៊ីនគិតលេខ ប៊ិច ប្រដាប់កឹប ទូរស័ព្ទដៃ និងថវិកាមួយចំនួនធំផងដែរ នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
មន្រ្តីនគបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ការឆ្មក់ចូលបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៤ ក្នុងផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមមន្រ្តីនគរបាល មេកន្ទុយលេខដែលត្រូវចាប់នេះមានឈ្មោះ ទី ធារិទ្ធ អាយុ៣៩ឆ្នាំ ត្រូវបានបញ្ជូនខ្លួន ភ្លាមៗជាមួយវត្ថុតាង ដែលបានដកហូតទៅកាន់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ សម្រាប់ការចុះបង្ក្រាបនេះ ប្រជាពលរដ្ឋបានលើកឡើងថា «ការចុះបង្ក្រាបនេះប្រៀបដូចជាគោះទឹកបង្អើលត្រី»។
ជាមួយគ្នានេះ មន្រ្តីនគរបាលមូលដ្ឋានខ្លះ បានថ្លែងថា កម្លាំងនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ មានជំនាញតែស៊ើបអង្កេត ពាក់ព័ន្ធបញ្ហាផ្សេង តែនៅពេលនេះមកចុះបង្ក្រាបល្បែងកន្ទុយលេខដែរ ដូច្នេះប្រជាពលរដ្ឋក៏មិនយល់ដែរ៕