(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរាជធានីភ្នំពេញ ដែលផ្តល់សេវាដឹកជញ្ជូនតាមរយៈរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេស Wing ស្តីពីការរៀបចំបង្កើតប្រព័ន្ធ ទូទាត់តាមអេឡិចត្រូនិក សម្រាប់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង និងបណ្តាឧកញ៉ា លោក លោកស្រី និងមមន្ត្រីជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស គ្រោងជំរុញកិច្ចពិភាក្សាសហការជាមួយ ធនាគារឯកទេសវីង ដើម្បីបញ្ចូលការផ្តល់ សេវាសាធារណៈ តាមច្រកចេញចូលតែមួយ នៅតាមបណ្តាខណ្ឌទាំង១២ ក្នុងការទូទាត់សេវានានា ក្នុងទិសដៅបង្កើនប្រសិទ្ធភាព ងាយស្រួលក្នុងការគ្រប់គ្រង ឲ្យមានប្រសិទ្ឋភាព រក្សាបាននូវភាពស្អាតស្អំ របស់មន្ត្រីបម្រើការតាមច្រកផងដែរ។

លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា សព្វថ្ងៃនៅរាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន៣ខ្សែកំពុងដំណើរ ហើយគ្រោងពង្រីកឲ្យបាន១០ខ្សែ ខណៈចិន និងជប៉ុន ផ្តល់ជូននូវរថយន្តក្រុងប្រមាណ៣០០គ្រឿងបន្ថែនទៀត នៅចុងឆ្នាំ២០១៧នេះ៕