(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងអាជ្ញាធរវៀតណាម នាថ្មីៗនេះ បានជួយសង្រ្គោះស្ដ្រីខ្មែររងគ្រោះចំនួន៣នាក់ ឲ្យវិលត្រលប់មកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់​នាំធ្វើដំណើរកាត់តាមប្រទេសវៀតណាមដើម្បីទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា ស្រ្ដីរងគ្រោះទាំង៣នាក់ខាងលើនេះ រួមមានទី១៖ ឈ្មោះ ប.ស.ស អាយុ២៧ឆ្នាំ មកពីស្រុកទ្រាំង ខេត្តតាកែវ ទី២៖ ឈ្មោះ អ.ប.ទ អាយុ២៧ឆ្នាំ មកពីស្រុកពាមរក៍ ខេត្តព្រៃវែង ទី៣៖ ឈ្មោះ ប.ស.ណ អាយុ២៦ឆ្នាំ មកពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សូមជម្រាបថា ស្រ្ដីរងគ្រោះទាំង៣នាក់នេះ បានមកដល់កម្ពុជាវិញហើយ តាមច្រកទ្វារព្រំដែនអន្តជាតិបាវិត-ម៉ុកបាយ នៅវេលាម៉ោង០៩៖០០នាទីព្រឹក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នឹងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីចាត់ការបន្ត៕