(ភ្នំពេញ)៖ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងអង្គការសហការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ​(UNESCAP) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានរួមគ្នារៀបចំសិក្ខាសាលាមួយ ស្ដីពីការពង្រឹងសមត្ថភាពប្រព័ន្ធស្ថិតិ សេដ្ឋ​កិច្ចកម្ពុជា
ដោយមានការចូលរួម ពីសំណាក់លោក រិន វីរៈ រដ្ឋលេខាធិការ ក្រសួងផែនការ តំណាងលោក ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រី
ក្រសួងផែនការ លោក ឃិន សុវលក្ខណ៍ អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ លោកស្រី Zeynep Orhun តំណាងអង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំភ្ញៀវកិត្តិយសជាច្រើនកុះករ។

ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ប្រព័ន្ធសិ្ថតិសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកាលៈទេសៈ និងបរិបទអន្ដរជាតិ ដែលមានការប្រកួតប្រជែងខ្លាំង ដែលត្រូវមានប្រព័ន្ធស្ថិតិសេដ្ឋកិច្ចមួយរឹងមាំ និងអាចជឿជាក់បាន។ សិក្ខាសាលានេះបានផ្ដល់ឱកា​សពិភាក្សា ស្វែងរកធាតុចូលសំរាប់ កសាងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ស្ថិតិសេដ្ឋកិច្ច ជាមួយផែនការអភិវឌ្ឍន៍ស្ថិតិជាតិមួយ។

លោក រិន វីរៈ បានថ្លែងឲ្យដឹងថា ស្ថិតិសេដ្ឋកិច្ចដែលរួមមានស្ថិតិគណនេយ្យជាតិ ជញ្ជីងទូទាត់ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិបំណុល បរទេស ស្ថិតិទេសចរណ៍ ស្ថិតិបរិស្ថាន ស្ថិតិពាណិជ្ជកម្មក្រៅប្រទេស ការចុះបញ្ជីពាណិជ្ជកម្ម ជំរឿនសេដ្ឋកិច្ច ជំរឿនក​សិកម្ម និងស្ថិតិផ្សេងទៀត មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើគោលនយោលបាយ ការសម្រេចចិត្តនានា របស់រាជរដ្ឋាភិបាល ជាក់ស្ដែងស្ថិតសេដ្ឋកិច្ច ដូចបានរៀបរាប់ខាងលើបានជួយ ដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកបានបន្ដទៀតថា សមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចក្នុងរយៈជាង១០ឆ្នាំកន្លងមក សេដ្ឋកិច្ចជាតិកម្ពុជា មាន​កំណើនមធ្យម៧.៧ភាគរយ ដែលជាកំណើនមួយដ៏ខ្ពស់ ក្នុងបណ្ដាប្រទេសក្នុងតំបន់ ហើយត្រូវបានដៃគូអភិវឌ្ឍន៍​កោតសសើរ ជាពិ​សេសក្នុងឆ្នាំ២០១៦ កន្លងទៅ ដោយធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថាកម្ពុជាជាជាងខ្លាំថ្មីនៅអាស៊ី។

លោក ឃិន សុវលក្ខណ៍ បានថ្លែងឲ្យដឹងថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិតែង
តែទទួលបាននូវការបណ្ដុះបណ្ដាល ធនធានមនុស្សជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពី UNESCAP លើជំនាញស្ថិតិ ការអង្កេតផ្សេងៗ​ ហើយពេលនេះយើងក៏បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងឲ្យអ្នកផលិត និងអ្នកប្រើប្រាស់ស្ថិតិសេដ្ឋកិច្ច មានឱកាស​ជួបពិភាក្សាគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ សេដ្ឋកិច្ចកម្ពុជា។

លោកបានបន្ដទៀតថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបានរីកចំរើន គួរឲ្យមោទនភាពពិតមែន តែនៅមានកំរិតនៅឡើយ បើធៀបនឹងប្រទេស ក្នុងតំបន់ពីសេសអាស៊ាន។ បទដ្ឋានអន្ដរជាតិមួយចំនួនដូចជា ប្រព័ន្ធគណនេយ្យជាតិ (SNA) ជញ្ជីងទូទាត់ (BOP) ស្ថិតិហិរញ្ញវត្ថុ រដ្ឋាភិបាល (GFS) ស្ថិតិបរិស្ថាន ស្ថិតិគណនីរណបទេសចរណ៍ ពុំទាន់អាចអនុវត្តបានពេញលេញនៅឡើយ ការចុះបញ្ជីពាណិជ្ជកម្ម​ (Business Register) ការធ្វើអង្កេតសេដ្ឋកិច្ចទេសចរណ៍ ដឹកជញ្ជូនពុំទាន់បានអនុវត្តល្អប្រសើរនៅឡើយ ព្រោះខ្វះថវិការដំណើរ​ការ។

លោកបានបញ្ជាក់ទៀតថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះ នឹងផ្ដល់នូវឱកាសក្នុងការពិនិត្យឡើងវិញ នូវអ្វីដែលមាន និងអ្វីដែល​មិនទាន់មាន និងអ្វីដែលត្រូវធ្វើក្នុងពេលអនាគត ដើម្បីឲ្យប្រសើរប្រព័ន្ធស្ថិតិសេដ្ឋកិច្ចកម្ពុជា៕