(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងមន្ត្រីជំនាញស៉ីម៉ាក់ បានដោះគ្រាប់បែកដ៏គ្រោះថ្នាក់​ ចំពោះអាយុជីវិតប្រជាពលរដ្ឋ ប្រភេទ MK82 ចំនួន១គ្រាប់ទៀតហើយ នៅក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ក្បែរស្ពានគុណគ្រូ)។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួនប្រមាណ៣លាន ដែលមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ នៅតាមផ្លូវលំហូជីមិញ ស្ថិតនៅជាប់ព្រំដែន។

ចំពោះការរកឃើញគ្រាប់បែកដ៏គ្រោះថ្នាក់នេះខេត្តកំពង់ស្ពឺ កណ្តាលជាដើម ត្រូវបានលោក ហេង រតនា ចាត់ទុកថា អាមេរិក មិនមែនមានតែចេតនាសម្លាប់ពួកយួនប៉ុណ្ណោះទេ ប៉ុន្តែមានចេតនាបំផ្លាញប្រទេស និងសម្លាប់ប្រជាជនកម្ពុជាផងដែរ។  

លោក ហេង រតនា បានបញ្ជាក់ថា «នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០១៧នេះ​ នៅវេលាម៉ោងជាង០១​ ក្រុមជំនាញស៉ីម៉ាក់បានដោះបន្សាប គ្រាប់បែក​ប្រភេទ MK82 មួយគ្រាប់នៅភូមិព្នៅ​ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ (ក្បែរស្ពានគុណគ្រូ)​ ។​ ប្រហែលអ្នកបើកយន្ត​ហោះយល់ច្រឡំថា​ ជាតំបន់ផ្លូវលំហូរជីមិញ ​ស្ថិតនៅជាប់ព្រំដែន ឬពួកយួនចូលមកពួននៅតំបន់នេះ ហើយមើលទៅ!​ តែគិតចុះគិតឡើងដូចមិនអញ្ចឹងទេ!»។ ​

លោកបានលើកឡើងទៀតថា «ក្រុមជំនាញដោះបន្សាបគ្រាប់នេះ​ បានទទួលការគាំទ្រកិច្ចប្រតិបតិ្តការពីសហរដ្ឋអាមេរិក​ នេះបានហៅថា​ កំលាំងជំនាញទទួលការគាំទ្រពីសហរដ្ឋអាមេរិក​ ដោះសំអាតគ្រាប់បែកអាមេរិក​មែន។​ នេះជារង្វាន់បន្សល់ទុក ពីសង្គ្រាមមួយគ្រាប់ទៀត​ សំរាប់ប្រជាជនកម្ពុជា»