(សៀមរាប)៖ មន្រ្តីជានខ្ពស់កម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន​ កាន់តែខ្លាំងឡើងសម្រាប់ការអនុវត្តទៅថ្ងៃមុខ ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន កាន់តែទូលំទូលាយ ស៊ីជម្រៅ និងផ្លែផ្កា ដែលនឹង ផ្តល់នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា ក្នុងការធានារក្សាសន្តិភាព ស្ថេរភាព នយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកតម្កើងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង២នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ នៅសណ្ឋាគារសុខា នាខេត្តសៀមរាប ដែលបានបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក លីវ ជីវមីន អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន។ កិច្ចប្រជុំមនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរផងដែរ។

យោងតាមមន្រ្តីដែលចូលរួមកិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំថ្នាក់អគ្គលេខាធិការនេះ ជាកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំផ្លូវការ នៃគណៈកម្មការសម្រប សម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅចុងខែមេសាខាងមុខនេះ។

អង្គប្រជុំបានធ្វើការបូកសរុប វឌ្ឍនភាពការងារដែលសម្រេចបាន នៅក្នុងរយៈពេលកន្លងមក ជាពិសេសការងារ ពាក់ព័ន្ធទៅនឹងលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលជាទស្សនកិច្ចមួយ មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយបានជួយលើកកម្ពស់កម្រិត នៃទំនាក់ទំនង កម្ពុជា-ចិន ឲ្យទៅដល់កម្រិតជាមិត្តភាពពិសេស ក៏ដូចជា ការបន្តប្រពៃណី ទំនាក់ទំនងល្អ នៃថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរ ដែលជាស្នាព្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកទល់នឹងពេលបច្ចុប្បន្ន និងរហូតតទៅថ្ងៃមុខទៀត។

អង្គប្រជុំក៏បានធ្វើការពិភាក្សា លើការងារត្រៀមរៀបចំសម្រាប់ការចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងវេទិកាកំពូលជាអន្តរជាតិស្តីពី «ខែ្សក្រវ៉ាត់មួយ ផ្លូវមួយ» ក៏ដូចជាដំណើរទស្សនផ្លូវការរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន នាពាក់កណ្តាលខែឧសភាខាងមុខនេះ។ សម្រាប់កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយជោគជ័យ ហើយទទួលបាននូវលទ្ធផលផ្លែផ្កា គួរជាទីពេញចិត្តនៅក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត និងស្មោះត្រង់។

ចប់ការប្រជុំរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំទាំង២ប្រទេស បានដើរកំសាន្ត និងទស្សនកិច្ចប្រាង្គប្រាសាទអង្គរវត្តផងដែរ៕