(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាកទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ស្ត្រីជាម្តាយគ្រប់គ្នាថា មិនត្រូវលក់ទឹកដោះដ៏មានតម្លៃ ដើម្បីយកលុយបន្តិបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ។

លោកស្រីជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអំពាវនាវថា ស្ត្រីជាម្តាយគ្រប់គ្នា មិនត្រូវលក់ទឹកដោះដ៏មានតម្លៃ ដើម្បីយកលុយបន្តិបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ។ លោកស្រីបានបញ្ជាក់ថា «ទឹកដោះម្តាយថ្លៃណាស់ ក្នុងការចិញ្ចឹមកូន បង្កើនសុខភាព និងភាពវៃឆ្លាតរបស់កូនៗយើង។ ដូច្នេះសូមស្ត្រីជាម្តាយទាំងឡាយ បញ្ឈប់ការលក់ទឹកដោះរបស់ខ្លួន»។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ហៅថា Ambrosia Labs Co., Ltd។

ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, ទី២៖ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ៕