(រតនគិរី)៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញព័ត៌មានសង្គម Facebook គាំទ្រគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តរតនគីរីជិត២០០នាក់ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានរៀបចំពិធីពិសារបាយសាមគ្គី នៅភោជនីយដ្ឋាន «SN បឹងកំសាន» ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី លី ធុជ លោកស្រី កែវ សាវឿន អភិបាលស្តីទីខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហ៊ុន ជា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ពិធីពិសារបាយសាមគ្គីនេះ ផ្ដោតសំខាន់បង្រៀនឲ្យក្រុមការងារ ចេះប្រើប្រាស់បណ្ដាញសង្គម Facebook ឲ្យកាន់មានភាពល្អប្រសើរ និង កាន់តែស្ទាត់ជំនាញថែមទៀត ដើម្បីងាយស្រួលក្នុងការវាយបក ទៅលើក្រុមគណបក្សសង្រ្គោះជាតិ តែងបំផ្លើសខុសពីការពិត ជាពិសេសក្នុងពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់២០១៧ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។

គួរបញ្ជាក់ថា សម្រាប់ខេត្តរតនគិរីនេះ ជាលើកទី១ដែលក្រុមអ្នកបណ្តាញព័ត៌មានសង្គម Facebook គាំទ្រ CPP ជួបជុំគ្នាបាយសាមគ្គីដោយផ្តួចផ្តើមដោយ លោក ឃឹម រមនី ហើយថវិកាចំណាយក្នុងកម្មវិធីខាងលើនេះ បានមកពីទឹកចិត្តសប្បុរសជននានាដែលស្រឡាញ់ពេញចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕