(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញទៅក្រសួងយុត្តិធម៌ ឲ្យណែនាំបន្តទៅស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ត្រូវពន្លឿននីតិវិធីកាត់ក្ដីបទល្មើសគ្រឿងញៀន ពិសេសត្រូវចេញសាលក្រមស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិពីជនល្មើស ឲ្យកាន់តែឆាប់រហ័សជាងមុន។

សម្ដេចក្រឡាហោម ជំរុញបែបនេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានថ្លែងថា «ក្រសួងយុត្តិធម៌ ត្រូវជំរុញស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ឲ្យពន្លឿននីតិវិធីនៃការកាត់ក្ដី បទល្មើសគ្រឿងញៀន នីតិវិធីនៃការអនុវត្តសាលក្រមជាស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិ ដើម្បីប្រគល់ជូនគណៈកម្មការ​ តាមដានការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចាត់ចែងបានទាន់ពេលវេលា សម្រាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានលទ្ធភាពប្រើប្រាស់ថវិកាលើកទឹកចិត្ត ដល់អង្គភាពអនុវត្តច្បាប់ និងប្រើប្រាស់បម្រើសកម្មភាពត្រួតពិនិត្យគ្រឿងញៀន»

នៅថ្ងៃម្សិលមិញនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីភាពយឺតយ៉ាវ ក្នុងការចេញដីការរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ដោយបានលើកឡើងថា «មុននឹងរឹបអូសទ្រព្យសម្បត្តិបាន ទាល់តែមានដីកាស្ថាពរសិន បានរឹបអូសបាន តែមុនពេលមានដីកាស្ថាពរ យូរណាស់ រឿងខ្លះ៣ឆ្នាំឯណោះ»។ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចង់ឲ្យមានការកែប្រែនូវមាត្រា ៩៧ និង១០៥ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន។

លោកក៏ចង់ឲ្យផ្តល់អំណាចដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ដើម្បីបញ្ជូនជនដែលញៀនថ្នាំ ទៅមណ្ឌលកែប្រែគ្រឿងញៀន ដោយមិនចាំបាច់រង់ចាំសាលក្រមស្ថាពរពីតុលាការ ពីព្រោះអ្នកញៀនថ្នាំមានចំនួនច្រើនពេក ដែលតុលាការបំពេញនីតិវិធីមានការយឺតយ៉ាវ។

សូមជម្រាបថា នៅឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើស​គ្រឿងញៀនចំនួន ៤,២៤៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩,៩៣៣នាក់ (ស្រី៩៦៤នាក់) មាន២១សញ្ជាតិ ក្នុងនោះបង្ក្រាបដោយកម្លាំងនគរបាលមាន ៣,២៧៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧,១៥៩នាក់ ខណៈកម្លាំងអាវុធហត្ថបង្ក្រាបបានចំនួន ៩៧១ករណី ឃាត់ខ្លួនជនសង្ស័យ ២,៧៧៤នាក់នាក់។ កម្លាំងសមត្ថកិច្ចបានចាប់យកគ្រឿងញៀន និងសារធាតុផ្សំ ជាង១៧៩គីឡូក្រាម៕