(ភ្នំពេញ)៖ រថយន្ត Rolls-Royce ស៊េរី Black Badge ជារថយន្ត ដែលមានលក្ខណៈមួយបែបទៀតរបស់កំពូល រថយន្តប្រណីតឈានមុខគេរបស់ពិភពលោក ត្រូវបានបង្ហាញឲ្យប្រជាជនអាស៊ីអាគ្នេយ៍ បានឃើញជាលើកដំបូង នៅក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងបាងកកលើកទី៣៨ ខណៈដែលមនុស្សម្នាផ្ដោតលើសាល Challenger Hall នៃមជ្ឈមណ្ឌលពិព័រណ៍ Impact រថយន្ត Rolls-Royce ម៉ូដែល Wraith Black Badge បានក្លាយជាតួអង្គលេចធ្លោ។

រថយន្ត Rolls-Royce Black Badge គឺផ្ដោតលើអតិថិជនវ័យក្មេង មានភាពជឿជាក់ ជាអ្នកដែលចូលចិត្តបំពានលើវិន័យ និងអ្នកដែលហ៊ានធ្វើអ្វីដែលថ្មី ពោលគឺអ្នកដែលប្រឹងប្រែងធ្វើការនៅពេលថ្ងៃ ប៉ុន្តែ ក៏និយមចូលចិត្តការលេងកម្សាន្តនៅពេលស្បៃរាត្រីចូលមកដល់ ហើយក្នុងស្មារតីនេះ គឺស្របគ្នានឹងភាពមោះមុតរបស់បុគ្គលឆ្នើមឈានមុខដូចជាលោក Muhammed Ali និង សហស្ថាបនិករបស់យីហោ Rolls-Royce នៃយើង គឺលោក Charles Rolls ដែលមានការជួបជុំគ្នាឥតដែនកំណត់ និងខិតខំប្រឹងរុញច្រានធ្វើយ៉ាងណាសម្រេចការងារទៅតាមចក្ខុវិស័យរបស់ខ្លួន ។

លោក Paul Harris នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា ស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍បានប្រែក្លាយយ៉ាងលឿនជាចំណុចស្នូលរបស់ពិភពលោក សម្រាប់សហគ្រិនជោគជ័យខ្លាំង និងមានវ័យក្មេងជាច្រើន បានងាកចេញពីទម្លាប់ប្រពៃណីធម្មតា ដើម្បីធ្វើឲ្យខ្លួនឯងកាន់តែលេចធ្លោ ដូច្នេះហើយទើបរថយន្ត Rolls-Royce Black Badge បានដាក់ចេញ នូវរថយន្តដែលមានផ្ទៃងងឹត និងមានលក្ខណៈមុតមាំជាងមុន ដើម្បីតម្រូវតាមឥរិយាបថនៃមនុស្សទាំងអស់នេះ» ។

លោកបានបន្តទៀតថា «អតិថិជនទាំងអស់នេះ គឺមានភាពជឿជាក់ មានការទាមទារច្រើន និងមិនខ្លាចក្នុងការបើកបរដើម្បីគ្រប់គ្រងការធ្វើដំណើរទៅមុខនោះទេ ។ រថយន្ត Black Badge គឺជាចម្លើយដ៏ល្អឥតខ្ចោះ សម្រាប់ការច្នៃកុម្ម៉ង់រថយន្តបែប Bespoke សម្រាប់អ្នកជាម្ចាស់ផង ជាអ្នកបើកបរខ្លួនឯងផង ដែលមានចរិតប្លែក ម៉ឺងម៉ាត់ និងស្វាហាប់ទាំងនេះ»

យោងតាមលោក Sunthornpan Dhechatech នាយកគ្រប់គ្រងក្រុមហ៊ុនរថយន្ត Rolls-Royce ក្រុងបាងកក បានឲ្យដឹងថា «រថយន្ត Black Badge បានបង្ហាញឲ្យឃើញនូវរចនាបថ គំរូ ថ្មីសម្រាប់អតិថិជនរបស់ខ្លួន ហើយមូលដ្ឋានអតិថិជនរថយន្ត Rolls-Royce នៅពេលនេះ កាន់តែទូលំទូលាយ វ័យកាន់តែក្មេងជាងមុន ដោយក្នុងនោះបុគ្គលដែលមានប្រាក់ចំណូល​មហាខ្ពស់ (UHNWIs) កាន់តែផុសផុលតាមរយៈអាជីវកម្មដែល​ទទួលជោគជ័យយ៉ាងសម្បើម»។ ម៉ូដែល Wraith Black Badge ដែលមានរូបរាងក្រម៉ៅ និងហាប់ជាងមុន គឺជានិមិត្តសញ្ញានៃភាពជោគជ័យសម្រាប់សហគ្រិនវ័យក្មេងទាំងអស់នេះ ហើយនេះជាតឹកតាង ក៏ដូចជារង្វាន់សម្រាប់ដំណើរជីវិតដែលគេបានជ្រើសរើស»

ពណ៌ខ្មៅពោរពេញដោយអំណាច,ការបំប្លែងឲ្យកាន់តែខ្មៅងងឹត, ប្រព័ន្ធឌីណាមិកខ្លាំង សម្រាប់ផ្នែកខាងក្រោមនៃស៊េរី Black Badge ដែលភ្ជាប់ទៅលើដី គឺកង់ធ្វើពីសរសៃកាបូន និងថាសកង់អាលុយមីញ៉ូមស្រាល ដែលត្រូវបានអភិវឌ្ឍដោយ​ប្រើពេលជាង 4 ឆ្នាំ ។ កង់ប្រភេទថ្មីនេះ បំពាក់ដោយសរសៃកាបោន22 ស្រទាប់ ដែលភ្ជាប់នៅលើអ័ក្សទាំងបី ហើយបកត្រឡប់មកគែមខាងក្រៅនៃគែមថាសកង់ ដើម្បីបង្កើតបានជាស្រទាប់កាបូន 44 ស្រទាប់ ដែលនាំឲ្យថាសកង់មានភាពរឹងមាំ ។ ភាពរឹងមាំនេះត្រូវបានធ្វើឲ្យរឹងមាំថែមទៀត តាមរយៈការបន្ថែមដុំកណ្ដាលកង់បែប 3D ដែលធ្វើពីអាលុយមីញ៉ូមលំដាប់គ្រឿងយន្តហោះ ហើយភ្ជាប់ទៅកាន់ថាសកង់ ដោយប្រើខ្ចៅជាតិទីតាញ៉ូម ។

រថយន្ត Wraith Black Badge ក្នុងទីក្រុងបាងកក រថយន្ត Wraith Black Badge ដែលបានបង្ហាញជាលើកដំបូងដល់​អតិថិជននៅអាស៊ីអាគ្នេយ៍គឺជាគំរូមួយទៀតនៃការផលិតបែប Bespoke ដែលត្រូវបានរចនាឡើងដោយផ្សំផ្គុំគ្នារវាងពណ៌ខ្មៅ និងក្រហម ។ បច្ចុប្បន្ន អតិថិជនអាចកុម្ម៉ង់រថយន្ត Rolls-Royce  ម៉ូដែល Wraith Black Badge សម្រាប់ឆ្នាំ២០១៧ បាន ដែលតម្លៃលក់រាយ (នៅប្រទេសថៃ) ចាប់ពី៣៤.៩ លានបាត(ជាង 1 លានដុល្លារ) តម្លៃគឺអាស្រ័យលើលក្ខណៈបច្ចេកទេសរបស់ Bespoke៕