(ភ្នំពេញ)៖ នៅទូទាំងសកលលោក មនុស្សប្រមាណ ១.២៥ លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍​ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុចម្បងទីមួយ នៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី១៥ ទៅ២៩ឆ្នាំ ។

នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរ បានសម្រួលការធ្វើដំណើរ ទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ រួមមាន រថយន្តនិងម៉ូតូ យានយន្តដឹកជញ្ជូនផ្សេងទៀត ក៏បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករដ៏ធំមួយ ទោះមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិអ្នបាល អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក៏ដោយ ។

លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដែលនឹងចូលរួមរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខនេះ បានថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំនេះ យើងចង់ឆ្លុះបញ្ចាំងពីបញ្ហាកំពុងបន្តនៃគ្រោះថ្នាក់ ចរាចរណ៍ព្រមទាំងអប់រំប្រជាពលរដ្ឋ បន្ថែមទៀត អំពីរបៀបប្រើប្រាស់ផ្លូវដោយសុវត្ថិភាព ។ យើងមានមោទនភាពមែនទែន ដោយមានកិច្ចសហការពី មូលនិធិព្រូដិនស៍ និង «កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក» (Safe Steps Road Safety)ក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ»

កម្មវិធី«អប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ក្រោមភាពជាដៃគូជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel និងសហព័ន្ធយានយន្តអន្តរជាតិ (FIA) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ។ រាល់សារអប់រំទាំងអស់ដែលផ្សព្វផ្សាយក្នុងកម្មវិធីនេះ ត្រូវបានអនុម័តដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ។

កម្មវិធីនេះ មានការចាក់វីដេអូអប់រំខ្លីៗ របស់លោកស្រី Michelle Yeoh ជាតារាសម្តែងលំដាប់អន្តរជាតិ និងជាទូតសុឆន្ទៈ​របស់កម្មវិធី ដោយក្នុងនោះលោកស្រីនឹងចែករំលែកគន្លឹះ និងដំបូន្មានច្បាស់លាស់ និងមានសារប្រយោជន៍ដល់អ្នក​ប្រើប្រាស់ផ្លូវទាំងអស់ រួមមានដូចជា បង្កើនការប្រុងប្រយ័ត្នពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើង ពាក់ខ្សែក្រវាត់សុវត្ថិភាពអោយបានត្រឹមត្រូវ និងបើកបរតាមល្បឿនកំណត់ ។ បន្ថែមពីលើវីដេអូអប់រំទាំងនេះ ក៏មានការផ្សព្វផ្សាយតាមរយៈផ្ទាំងរូបភាព និងខិត្តប័ណ្ណផងដែរ ដើម្បីធានាថាមនុស្សច្រើនបំផុតអាចទទួលបានព័ត៌មានដ៏សំខាន់ទាំងនេះ ។

កម្មវិធីនេះ នឹងសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

កាលពីខែមករា ឆ្នាំ២០១៥ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចូលជាធរមាននៅទូទាំងប្រទេសកម្ពុជា ហើយច្បាប់នេះចែង​យ៉ាងច្បាស់ ពីគ្រប់ទិដ្ឋភាពនៃការប្រើប្រាស់ផ្លូវ និងប្រការសុវត្ថិភាព ក៏ដូចជាកំណត់ទោសទណ្ឌសម្រាប់អ្នកល្មើសច្បាប់ផងដែរ ហើយលក្ខខណ្ឌតម្រូវសំខាន់បំផុតមួយ ដែលលើកកម្ពស់សុវត្ថិភាពចរាចរណ៍គួរឲ្យកត់សម្គាល់នោះ គឺការតម្រូវឲ្យអ្នកដំណើរ តាមទោចក្រយានទាំងអស់ពាក់មួកសុវត្ថិភាព ។ចំណែកនៅកម្ពុជា យោងតាមអ្នកជំនាញ អ្នកបើកបរម៉ូតូ គឺជាក្រុមអ្នក​ប្រើប្រាស់ផ្លូវ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឈានដល់បាត់បង់ជីវិត និងរងរបួសធ្ងន់ ទោះបីអ្នកបើកបរភាគច្រើនគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក៏ដោយ៕