(ភ្នំពេញ)៖ មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួល​ការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនានេះ។  

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពី​តំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។

មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជាមួយការទទួលបានព័ត៌មាន​នៃការវាយប្រហារ​ដោយជំងឺ​យ៉ាងធ្ងន់​លើស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ, លោករដ្ឋមន្រ្តី សូមជូនពរ​លោកវេជ្ជបណ្ឌិត Richner ឲ្យទទួលបានជោគជ័យក្នុងព្យាបាល និងឆាប់បានជាសះស្បើយ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានចាត់ទុកលោកវេជ្ជបណ្ឌិត Richner ជាបុគ្គលដែលបានជួយសង្រ្គោះជីវិតកុមារកម្ពុជា បានយ៉ាងច្រើន។ លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មី លោក វេជ្ជបណ្ឌិត Peter Studer។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។  គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕