(ភ្នំពេញ)៖ សាលាបឋមសិក្សា និងមធ្យមសិក្សាអ៊ីអិលធី បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ក្រោមអធិបតីភាពលោកស្រី ជា នាងអេង នាយិកានៃសាលាអ៊ីអិលធី ដើម្បីប្រគល់ប័ណ្ណសរសើរ ដល់សិស្សឆ្នើម ដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ប្រចាំឆមាសទី១ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីអន្តរជាតិឆ្នាំសិក្សា២០១៦-២០១៧ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅសាលនៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ។

សាលាបឋមសិក្សា និងមធ្យមសិក្សាអ៊ីអិលធី ត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៤ ដែលមានសាខាចំនួនបីទីតាំង៖ ទីតាំងទី១ សាខាផ្សារតាប៉ាង ទីតាំងទី២ សាខាផ្សារកណ្តាល និង ទីតាំងទី៣ សាខាទួលគោក។

ក្នុងកម្មវិធីនោះដែរ ថ្នាក់ដឹកនាំសាលាអ៊ីអិលធី ក៏បានអញ្ជើញមាតាបិតា និងអាណាព្យាបាលសិស្សចូលរួមអបអរសាទរដល់សិស្សឆ្នើម ក្នុងពិធីប្រគល់ប័ណ្ណសរសើរនោះយ៉ាងអធិកអធម ដើម្បីលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត។

ក្នុងពិធីប្រគល់ប័ណ្ណសរសើរនោះ លោកស្រីនាយិកាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញស្នាមញញឹមរបស់អាណាព្យាបាល និងលទ្ធផលជាវិជ្ជមានរបស់ប្អូនៗសិស្សានុសិស្សក្នុងស្មារតីជាសិស្សពូកែ មិនត្រឹមតែជាសិស្សឆ្នើមក្នុងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងជាសិស្សឆ្នើម ទាំងសីលធម៌ គុណធម៌ និងឥរិយាបថល្អផងដែរ។

អ្នកស្រីនាយិកា ក៏បានអរគុណដល់បុគ្គលិក និងលោកគ្រូអ្នកគ្រូនៃសាលាអ៊ីអិលធីទាំងអស់ដែលតែងតែខិតខំ និងយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាលោកឳពុកអ្នកម្តាយ ដែលជាអាណាព្យាបាលក្នុងការខិតខំចិញ្ចឹមបីបាច់ និងតម្រង់ទិសកូនៗ ដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់ អាចទទួលបានលទ្ធផលល្អទាំងចំណេះដឹង និងចំណេះធ្វើ។

លោកស្រីនាយិកាក៏បានផ្តាំផ្ញើរ ជំរុញ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីយកកិត្តិយសជូនខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ដូចពាក្យស្លោកមួយបានពោលថា «ដាំនៅសាលា ផ្លែផ្កាក្នុងសង្គម»៕