(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់​បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញ មានក្រមសីលធម៌ល្អ មានភាព​ទទួលខុសត្រូវចំពោះការងារជួយសង្រ្គោះប្រជាពលរដ្ឋ ជាមួយនឹងសម្ភារបរិក្ខា​ទំនើបដែលបាន​បំពាក់ជាបន្តបន្ទាប់​គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព មានទាំងបន្ទប់រង់ចាំមុន និងក្រោយសម្រាល។

ការអំពាវនាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរ ក្នុងឱកាសលោកអញ្ជើញបិទសន្និបាតបូក​សរុបសមិទ្ធផល​ការងារសុខាភិបាល ឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ ២០១៧ របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ ប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរស្រុក ក្រុង និងអង្គការជាដៃគូ ជិត៣០០នាក់ ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងអង្គការជាដៃគូក្នុងខេត្ត។

នៅក្នុងពិធីបើកសន្និបាតលោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរដល់មន្រ្តី ថ្នាក់ដឹកនាំ និងបុគ្គលិក នៃមន្ទីរសុខាភិបាល និងអង្គការជាដៃគូទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អ ក្នុងឆ្នាំ២០១៦កន្លងមក និងបានចាត់ទុកថា សន្និបាតនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ធ្វើការតាមដាន ពិនិត្យ វាយតម្លៃសមិទ្ធផលសកម្មភាព អំពីការលំបាក និងបញ្ហាប្រឈមកន្លងមក ដើម្បីដោះស្រាយ និងកំណត់ទិសដៅផែនការសម្រាប់ឆ្នាំបន្ត។

លោកអភិបាលខេត្ត បានអំពាវនាវឲ្យបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំផ្តល់ និងបម្រើសេវាសាធារណៈ​ឲ្យបានពេញ​លេញ មានក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវចំពោះ​ការងារជួយសង្រ្គោះប្រជាពលរដ្ឋ ជាមួយនឹងសម្ភារបរិក្ខា​ទំនើបដែលបានបំពាក់ជាបន្តបន្ទាប់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព មានទាំងបន្ទប់រង់ចាំមុន និងក្រោយសម្រាល។

លោកអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ កត្តានេះហើយសូមថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានប្រគល់ជូនថវិកាជ័យលាភីប្រឡងប្រណាំលេខ១មណ្ឌលសុខភាពរំលេច ចំនួន៧៩០ដុល្លារ, លេខ១មណ្ឌលសុខភាពស្យា ចំនួន៦៧៥ដុល្លារ, លេខ២មណ្ឌលសុខភាពខ្នារទទឹង ចំនួន៥៩០ដុល្លារ, លេខ២មណ្ឌលសុខភាពព្រៃញី និងអនាម័យ ចំនួន៥០០ដុល្លារ, លេខ៣មណ្ឌលសុខភាពត្រពាំងជង ចំនួន៣៩០ដុល្លារ និងមណ្ឌលសុខភាពពាលញែក ចំនួន២៥០ដុល្លារ ព្រមទាំងបានចែកជូនវត្ថុកំដរដៃរបស់លោក និងលោកស្រី ជូនដល់អ្នកចូលរួមជិត៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១ផងដែរ។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់មានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ មន្ទីរពេទ្យបង្អែកស្រុកចំនួន៣ គឺមន្ទីរពេទ្យបង្អែកបាកាន ក្រគរ និងភ្នំក្រវាញ និងមណ្ឌលសុខភាពចំនួន៤០ ព្រមទាំងមានបុគ្គលិកសុខាភិបាលចំនួន៦០៧នាក់ ក្នុងនោះស្រី៣០០នាក់។  ក្នុងឆ្នាំ២០១៦កន្លងទៅ មន្ទីរបានពិនិត្យលទ្ធភាព ដោយប្រើថវិការដ្ឋ និងហិរញ្ញប្បទានសុខាភិបាល ក្នុងការជួសជុល និងពង្រីកអគារសម្ភព និងរោគស្រ្តី ដើម្បីសម្រួលដល់ការប្រើប្រាស់សេវារបស់អ្នកជំងឺ ដែលជាតម្រូវការចាំបាច់​មិនអាច​ខ្វះបាន។ ចំពោះផ្នែកសុខភាពបន្តពូជមាតា និងទារក ស្រ្តីបានមកសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន ៩.៨៣១នាក់ ស្មើនឹង៧២% អ្នកជំងឺរបេងមាន ១០៧៤ករណី អ្នកជំងឺអេដស៏បានទទួលសេវាថែទាំ ១២៣៣នាក់ ចុះចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋគោលដៅ និងចល័តក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ បាន៥៧៧០២មុង និងព្យាបាលករណីគ្រុនចាញ់តាមដូតស៍ តាមមូលដ្ឋានសុខាភិបាល និងអ្នកស្ម័គ្រចិត្តបាន ២៧៦០ករណី៕