(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជា ខណៈកំពុងចុះសួរសុខទុក្ខកម្មករ រោងចក្រផាភីលៀន ដែលរងគ្រោះថ្នាក់ដោយសាររថយន្តដឹកជ្រូក បុកជាមួយរថយន្តដឹកកម្មករ នាពេលកន្លងទៅ បានអំពាវនាវ​ទៅដល់អ្នកបើក​បរយានយន្តទាំងអស់ គប្បីពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ចៀសវាងការបង្កគ្រោះ​ថ្នាក់ផ្សេងៗ ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

កម្មករ-កម្មការិនីដែលលោក សោម អូន ចុះសួរសុខទុក្ខនោះ បានរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ខណៈដែលពួកគាត់ចេញពីធ្វើការពីរោងចក្រ មានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឲ្យកម្មករ​ចំនួន១៩នាក់ បានរងរបួសធ្ងន់ស្រាល។ ក្នុងនាមប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោកបានឧបត្ថម្ភនូវ​ថវិកាមួយចំនួន និងសូមសម្ដែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុនោះ។

ដោយឃើញពីទុក្ខលំបាករបស់កម្មករ-កម្មការិនី រាល់ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ប្រធានសហជីពរូបនេះ បានទទូចទៅដល់អ្នកបើក​បរយានយន្ត​ទាំងអស់ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិគ្នាក្នុងការបើកបរ កុំវ៉ា ឬជែងខុសស្ថានភាពឲ្យសោះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលពីទង្វើល្មើសច្បាប់របស់ខ្លួន៕