(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសឈរលំដាប់លេខ៨ ដែលមានផលិតកម្មដំឡូងមីច្រើនជាងគេ បំផុតនៅ​លើពិភពលោក។

លោក ហ៊ាន វណ្ណហន បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងសន្និសិទ្ធអន្តរជាតិលើទី២ ស្តីពីម្សៅដំឡូងមី (Second World Starch) នៃទីក្រុង ឌូបៃ នៃសហរដ្ឋអារ៉ាប់រួម។

លោកបញ្ជាក់ថា ការចូលរួមនេះត្រូវបង់ថវិកា​ជាង១ពាន់ដុល្លារ តែការចូលរួមពិតជាផ្តល់គំនិតជាច្រើន ដល់កិច្ចអភិវឌ្ឍផលិតកម្មដំឡូងមីដ៍មានសក្តានុពលរបស់ប្រទេសកម្ពុជា។

លោក ហ៊ាន វណ្ណហន បានសរសេរទៀតថា៖  

១៖ បើតាមទំហំផលិតកម្មដំឡូងមី ប្រទេសកម្ពុជាឈរលំដាប់ទី៨ (ជាង៨លានតោន ក្នុងឆ្នាំ២០១៦) ក្នុងចំណោមប្រទេសលិតដំឡូងមី ធំៗទាំង១០លើពិភពលោក។ លំដាប់ទី១ ចាប់ផ្តើមពី Nigeria, Thailand, Indonesia, Brazil, Ghana, Vietnam,Cambodia, India & aNgola។ មកដល់ឆ្នាំ២០១៦ យើងផលិតបានដំឡូងមី រហូតជាង១៣លានតោន។

២៖ ផលិតផលដំឡូងមីកម្ពុជា ចូលរួម ៣.១% នៃផលិតកម្មដំឡូងមីលើពិភពលោក។

៣៖ បើតាមផ្ទៃដីផលិតកម្ម ដំឡូងមីរបស់កម្ពុជា នោះយើងឈរលំដាប់ទី១៥ ដែលស្មើនឹង១.៤% នៃផ្ទៃដីផលិតកម្មដំឡូងមីលើពិភពលោក។

៤៖ បើតាមទិន្នផលដំឡូងមី នោះកម្ពុជាឈរលំដាប់ទី៥ នៃប្រទេសដែលទទួលបានទិន្នផលខ្ពស់បំផុត លើពិភពលោក បន្ទាប់ពី India, Cook Island, Suriname និង Lao៕