(ភ្នំពេញ)៖ រថយន្ដដឹកដី១គ្រឿង មិនមានការប្រុងប្រយ័ត្នបានបើកមកបុក និងកិនបុរសរត់ម៉ូតូឌុបម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង និងស្ត្រីម្នាក់ទៀត ដែលជិះពីក្រោយរងរបួសធ្ងន់ ខណៈអ្នកបើកបររត់គេចខ្លួនបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅរសៀ លថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសរងគ្រោះបើកម៉ូតូ ម៉ាកសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1C-6295 ដោយដឹកស្ត្រីម្នាក់ពីក្រោយ ធ្វើដំណើរចេញពីផ្សារ​ព្រែកព្នៅ សំដៅទៅផ្ទះក្នុងទិសដៅពីជើងទៅត្បូង ស្រប ទិសគ្នាជាមួយរថយន្ដដឹកដី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ3A-5648 ដែលបើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ស្រាប់តែជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដដឹកដី បើកមកកៀរពីខាងស្ដាំបណ្ដាលឲ្យដួលទាំងមនុស្ស និងម៉ូតូបួងចូលទៅខាងក្រោមរថយន្ដ ហើយក៏កិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ នៅនិងកន្លែងកើតហេតុ។ ខណៈស្ត្រីដែលជិះពីក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើងខាងស្ដាំ និងត្រូវបានរថយន្ដសាម៊ុយដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯអ្នកបើកបរថយន្ដ មិនព្រមឈប់ឡើយ បានព្យាយាមបើករត់គេចប្រហែលជា១ គីឡូម៉ែត្រ ក៏ឈប់ទុករថយន្ដចោលរត់គេចខ្លួនបាត់តែម្ដង។

មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ តា ផេង អាយុប្រហែលជាង៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកល្វា ឃុំពញ្ញាឮ  ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ រីជនរងគ្រោះជាស្ត្រីម្នាក់ទៀត ដែលជិះពី​ក្រោយ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ។ ចំណែកអ្នកបើកបររថយន្ដ ក៏មិនត្រូវបានស្គាល់​ពីអត្តសញ្ញា​ណ្ណនោះដែរ ព្រោះបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ស្រមោលទៅហើយ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលចរាចរក្រុងចុះត្រួតពិនិត្យ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ហើយធ្វើការវាស់វែងយករថយន្ដបង្ក រួមជាមួយ ម៉ូតូរងគ្រោះ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕