(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ  សេចក្តីប្រកាសព័ត៌មានជុំវិញការឃាត់ខ្លួនក្រឡាបញ្ជី មួយរូប នៅតុលាការខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន (អតីតក្រឡាបញ្ជីនៅតុលាការខេត្តកោះកុង-រាជធានីភ្នំពេញ)។

ACU បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា «លោក ហង្ស សាមឿន បានយកអំណាចមុខងារ ភារកិច្ចរបស់ខ្លួនដែលច្បាប់ប្រគល់ឲ្យធ្វើការ គាបសង្កត់ ទារប្រាក់ ពីជនរងគ្រោះ ដោយគ្មានការខ្លាចញញើតអ្វីទាំងអស់។ នៅពេលជនរងគ្រោះដែលមានសាលក្រមស្ថាពរហើយ ហើយត្រូវមកសុំលិខិតបញ្ជាក់សាលក្រមស្ថាពរ និងរូបមន្តអនុវត្ត ក្នុងនាមជាក្រឡាបញ្ជីកាន់សំណុំរឿង ហង្ស សាមឿន ធ្វើទុក្ខបុកម្នេញ អូសពេលវេលាឲ្យរង់ចាំនេះ រង់ចាំនោះ និងទារប្រាក់ជាថ្នូរ ទើបបំពេញភារកិច្ចរបស់ខ្លួន។ គ្រាន់តែថ្លៃចុះផ្សាយព័ត៌មានកាសែត ហង្ស សាមឿន ទារមួយទំព័រ៧០ដុល្លារអាមេរិក សរុបប៉ុន្មានទំព័រត្រូវផ្តល់ឲ្យ១០០០ដុល្លារអាមេរិក។ បំណងរបស់ ហង្ស សាមឿន ក៏តម្រូវឲ្យអ្នករងគ្រោះបង់ប្រាក់ ឲ្យខ្លួនដល់ ៤ម៉ឺនដុល្លារអាមេរិក ឬ ២ម៉ឺនដុល្លារអាមេរិក បូកនិងកាត់ដីមួយដុំក៏បាន ឬទាមទាររថយន្តម៉ាស្តារមួយគ្រឿងក៏បាន»

ជនសង្ស័យឈ្មោះ ហង្ស សាមឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ សង្ស័យជាប់ពាក់ព័ន្ធពុករលួយ។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖