(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍ស្តីអំពី «មុខងារបដិសណ្ឋារកិច្ច និងសណ្ឋាគារ» នៅក្នុងមន្ទីរពេទ្យក្រោម អធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក អ៊ែវ៉េ ដូរីយ៉ាណូ នាយកទំនាក់ទំនងអន្តរជាតិ (APHM) រួមជាមួសិក្ខាមកាមដែលជាវេជ្ជបណ្ឌិត មកពីបណ្តាខេត្ត-ក្រុងជិត១០០នាក់ មកចូលរួមសិក្សាស្វែងយល់ផងដែរ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា សិក្ខាសាលានេះជាសិក្ខាសាលាពិសេសមួយ មានការចូលរួមពីប្រទេសប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ មានបារាំងដែលចូលរួមជាមួយកម្ពុជា មានវៀតណាម និងឡាវ ស្តីអំពីនៃមុខងារបដិសណ្ឋារកិច្ច និងតួនាទីផ្នែកសណ្ឋាគារនៅក្នុងមន្ទីរពេទ្យ គោលបំណងនៃអង្គពិធីនេះ ដើម្បីលើកកំពស់កាន់តែប្រសើរថែមទៀត នូវការស្នាក់នៅរបស់អ្នកជំងឺយើង ក៏ដូចជាក្រុមគ្រួសាររបស់អ្នកជំងឺ ហើយគុណភាព នៃការព្យាបាលទាំងអស់ដូចជា ការស្នាក់នៅការបរិភោគចំណីអាហារ កំរាលនិងការទំនាក់ទំនងក្នុងអំឡុងនៃការសង្រ្គោះបន្ទប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

លោកសាស្រ្តាចារ្យ បានបន្តទៀតថា កិច្ចការសំខាន់នោះថ្ងៃនេះគឺឆ្ពោះទៅរកចំណុចពិសេស របស់មន្ទីរពេទ្យ គឺជាកន្លែងដែលកើត ឈឺ ជា ស្លាប់ រស់ សប្បាយរីករាយកើតទុក្ខកាជួបជុំនិងការលាគ្នា។ល។ ដូច្នេះគឺនៅក្នុងមន្ទីរពេទ្យនេះ ទាមទារឲ្យមានការរៀបចំ នូវដំណើរការមួយមិនត្រឹមតែការព្យាបាលសង្រ្គោះប៉ុណ្ណោះទេ ថែមទាំងរាល់នូវគ្រប់សកម្មភាព អមនៃដំណើរជីវិតទាំងមូល ដែលទាមទារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ប្រកបទៅដោយជំនាញដើម្បីគុណភាព ប្រសិទ្ធិភាពព្រោះសុខភាព និងជោគជ័យក្នុងដំណោះស្រាយការជួយសង្រ្គោះជីវិតរបស់អ្នកជំងឺ ឲ្យនៅក្នុងដំណាក់កាលនេះ កម្ពុជាយើងក៏ឈានមកដល់ដំណាក់កាលមួយដែលយើង មានការវិវឌ្ឍន៍ខ្ពស់ជាបន្តបន្ទាប់រហូតដល់ការដែលយើងអាច ឧទារណ៏មួយបន្ទប់ទឹកសាធារណៈដែលយើងរៀបចំ ក្នុងលក្ខណ្ឌមួយដែលកំណត់ថាត្រូវតែស្អាតគឺជាកន្លែង ដែលអាចសឹងតែយើងទទួលទានអាហារបានទីនោះនេះ ជាគោលការរបស់មន្ទីរពេទ្យរបស់យើង។

លោកបន្តទៀតថា ជាជំហានៗគឺថា កម្ពុជាយើងបានបោះជំហានទៅមុខ ជាបន្តបន្ទាប់ ហើយដូចនៅក្នុងអង្គសិក្ខារបស់យើងនៅថ្ងៃនេះ មិនមែនជាការចាប់ផ្តើមស្វែងយល់ទេ ប៉ុន្តែយើងបានធ្វើជាដំណាក់កាល ដែលខិតខំឲ្យបានកាន់តែប្រសើរថែមទៀត សំណូមពរដល់បងប្អូនមន្ត្រីរាជការយើងទាំងអស់គ្នា ខិតខំដោយយកចិត្តទុកដាក់បំផុតពីព្រោះថា អនាម័យ ភាពស្អាតល្អទាំងអស់ គឺកើតឡើងដែលត្រូវគិតជារៀងរាល់នាទី និងម៉ោងដើម្បីបានភាពស្អាត។ អ៊ីចឹងទេមន្ត្រីរាជការទាំងអស់ទាំងថ្នាក់ដឹកនាំ ត្រូវខិតខំជម្រុញកិច្ចការនេះ មិនត្រឹមតែប៉ុណ្ណោះត្រូវស្វែងរកជំនាញពីមិត្តបារាំងដើម្បី ធ្វើការស្វែងយល់បន្ថែមទៀតឲ្យកាន់តែប្រសើរ និងដកបទពិសោធន៍ជាមួយប្រទេសជិតខាងដើម្បីពិភាក្សាបន្ថែមទៀត។

លោកបញ្ជាក់ថា ដើម្បីយើងបានបោះជំហានទៅមុខបានល្អប្រសើរនោះ គឺថាសូមបងប្អូនសាធារណៈជនជាពិសេសយុវជនយើងទាំងអស់គ្នា ចូលរួមស្វែងយល់ឲ្យបានខ្ពស់នូវការគាំទ្រយ៉ាងណា ឲ្យវិស័យសុខាភិបាលយើង ស្ថិតនៅក្នុងឆន្ទៈមួយដើរឆ្ពោះទៅមុខដើម្បី ភាពរុងរឿងឧដុគ្គឧដម្ភនៃមាតុភូមិកម្ពុជាយើង៕