(កណ្ដាល)៖ កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនស្ត្រីម្នាក់​ បន្ទាប់ពីបានប្រើល្បិចខ្ចីលុយ និងទ្រព្យសម្បត្តិ ពីមិត្តភក្តិយកទៅបញ្ចាំ រហូតលក់ជាបន្តបន្ទាប់អស់ជិត១ម៉ឺនដុល្លារ ខណៈដែលស្ត្រីសង្ស័យរូបនោះ កំពុងបើករថយន្តនៅតាមដងផ្លូវ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ចំណែករថយន្តមួយគ្រឿងរបស់ស្ត្រីសង្ស័យ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុក។

ការឃាត់ខាងលើនេះតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រហូតដល់លោក លីវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានចេញដីការបង្គាប់ឲ្យកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បញ្ជូនទៅដល់តុលាការ។ ក្រោយពីលោក អ៊ី សុវណ្ណ ចៅក្រុមស៊ើបសួររួច ក៏សម្រេចបញ្ជូនយកទៅដាក់ពន្ធនាគារតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវលោក អ៊ី សុវណ្ណ សម្រេចឃុំខ្លួននោះ ឈ្មោះ អៀត សារឹម អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់កាបូប រស់ភូមិស្តៅកន្លែង ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះរថយន្តមួយគ្រឿងម៉ាកលុច្យស៊ីស សេរី៤៧០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-6242 ចំណែកជនរងគ្រោះឈ្មោះ សុខ សោភ័ណ្ណ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ស្រ្តីខាងលើត្រូវបានកម្លាំង អាវុធហត្ថស្រុកកៀនស្វាយឃាត់ខ្លួន ទៅតាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក អ៊ី សុវណ្ណ ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចំណែករថយន្តដែលស្ត្រីខាងលើ​​ កំពុងជិះនោះត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារវិញ ព្រោះការឃាត់ខ្លួន គឺយើងឃាត់តែជនសង្ស័យនោះទេ ចំណែកអ្វីក្រៅពីមនុស្សដែល យើងត្រូវឃាត់គឺយើងមិនឃាត់នោះទេ។

បើតាមស្ត្រីរងគ្រោះវិញ បានឲ្យដឹងដែរថា ស្ត្រីសង្ស័យត្រូវជាមិត្តភក្តិរបស់គាត់ ហើយធ្លាប់រកស៊ីជាមួយគ្នា ដោយមានទំនាក់ទំនងជិតដិតផងដែរ ដោយមុនដំបូងបានខ្ចីលុយ៧០០ដុល្លាររួចបានខ្ចី៨០០ដុល្លារទៀត ក្រោយមកបានខ្ចី១០០០ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនិងគ្រឿងសង្ហារឹមផងដែរ សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។

លុះក្រោយមក គាត់ត្រូវការលុយពេលទៅសួរនាំយកមកវិញ ស្រាប់តែស្ត្រីសង្ស័យ ចេះតែដោះសារថ្ងៃនេះថ្ងៃនោះ គេចវេសមិនព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងរហូតដល់ ប្រព័ន្ធតុលាការខេត្តកណ្តាល ឲ្យជួយរកយុត្តិធម៌ ជូនពួកគាត់ ហើយអ្វីដែលគាត់សប្បាយចិត្តនោះគឺ តុលាការបានជួយរកយុត្តិធម៌ជូនគាត់ ដោយសម្រេចនាំខ្លួនស្រ្តីសង្ស័យ​ យកទៅដាក់ពន្ធនាគារឲ្យទទួលទោស ទៅតាមទង្វើរបស់គេ៕