(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បានដេញតាមបង្ក្រាបជនសង្ស័យ២នាក់ រហូតឃាត់ខ្លួនបានម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុច ផ្លូវបេតុង ស្ថិតក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះចំរើន  រដ្ឋធានី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ «ឃាត់ខ្លួន»។ រីឯជនរងគ្រោះឈ្មោះ ម៉ឹង រីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា មុនឈានដល់ការបង្ក្រាប ជនសង្ស័យជាចោរឆក់នេះ ខណៈជនរងគ្រោះកំពុងតែជិះម៉ូតូតាមដងផ្លូវ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ1FE-7095 បានមកធ្វើសកម្មភាពឆក់ យកកាបូបដាក់ប្រាក់ និងសម្ភារពីជនរងគ្រោះ តែមិនបានសម្រេចឡើយ ក៏ព្រោះតែជនរងគ្រោះបានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលរហូតមានកិច្ចអន្តរាគមន៍ដេញតាមជនសង្ស័យភ័យស្លន់ស្លោ ហើយក៏ផ្ដួលម៉ូតូចោលរត់គេចខ្លួន តែរត់មិនរួច ត្រូវកម្លាំងសមត្ថកិច្ច និងប្រជាការពារឃាត់ខ្លួនបានម្នាក់ ព្រមទាំងដកហូតបានកាបូបដៃពណ៌ស្វាយ១ ទូរស័ព្វម៉ាកLG  ពណ៌សរ១គ្រឿងផងដែរ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយបង្ក្រាបជនសង្ស័យម្នាក់ជាចោរឆក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបន្តនិតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕