(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ផ្ទះមនុស្សធម៌ទី១០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនប្អូនប្រុស រ៉ៃ រឿន អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ អេង សុខាក់ អាយុ២៤ឆ្នាំ មានកូន៣នាក់ ជាគ្រួសារទីទ័លក្រខ្លាំង រស់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

ផ្ទះមនុស្សធម៌នេះ មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពី៖ លោក ធា សធានី និងលោកស្រី អឿន ពិសី និង កញ្ញា ម៉ៅ សំវុទ្ធារី ក្រុមមេធាវី HML។

លោកស្រី គួយ ណាលីន ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានបន្តថា ប្អូនត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនចៅ ឱ្យគាត់បានរៀនសូត្រដើម្បីអនាគតភ្លឺស្វាង។ នេះជាការបង្ហាញនូវការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕