(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះបានថ្លែងថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរទាន់អាចគ្រប់គ្រងបាន ទាំងស្រុងនៅឡើយនោះទេ។

ថ្លែងក្នុងសន្និបាតបូកសរុប ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងចំណោមអ្នកញៀនគ្រឿងញៀនទាំងអស់ មានអ្នកទៅព្យាបាលនៅមណ្ឌលព្យាបាល របស់ក្រសួងសុខាភិបាល និងមណ្ឌលបន្សាបគ្រឿងផ្សេងៗទៀតចំនួន៥៦ភាគរយ និងចំនួន៤៤ភាគរយទៀត ដែលមិនទាន់បានមកព្យាបាល បន្សាបជាតិញៀននៅឡើយទេ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ នេះជាចំណុចដែលគត់សំគាល់ឃើញថា ទោះបីមានការខិតខំ ពង្រាយនូវមណ្ឌលព្យាបាល របស់ក្រសួងសុខាភិបាលចំនួន១៧៧មណ្ឌល និងការព្យាបាលតាមសហគមន៍ក៏ដោយ ក៏ដំណើរការនៃចូលខ្លួន របស់អ្នកញៀនគ្រឿងញៀនមួយចំនួន នៅតែមិនបានចូលមកព្យាបាលដូចអ្វី ដែលអាជ្ញាធរគ្រឿងញៀន បានគ្រោងទុកនោះដែរ ដែលនេះបានធ្វើឲ្យចំនួនអ្នកញៀនគ្រឿងញៀន នៅក្នុង​សង្គមមានការកើនឡើង គួរឲ្យគត់សំគាល់។

លោកបញ្ជាក់ថា «តាមរបាយការណ៍ថ្មី ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀន ទើបទទួលបានចំនួនអ្នកញៀនគ្រឿងញៀន មានចំនួន១.២០០០នាក់»

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន់ បានបន្ថែមថា កម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ប៉ុន្តែកម្ពុជាកំពុង​ទទួលរងគ្រោះ នៃការហូរចូលគ្រឿងញៀន ពីបណ្តាប្រទេសនានា ជាពិសេសនោះ គឺការហូរចូលគ្រឿងញៀន តាមព្រំដែន​កម្ពុជា ថៃ-ឡាវ៕