(ភ្នំពេញ​)៖ បន្ទាប់ពីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារ មានមេរោគបាក់តេរី ធ្វើឲ្យប៉ះពាល់ស្រ្តីមានផ្ទៃពោះ និងកុមារ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie's Club brand» លើទីផ្សារប្រទេសកម្ពុជាកន្លងមកនេះ​ ​នៅថ្ងៃទី២៨​ ខែ​មីនា​ ឆ្នាំ២០១៧នេះ​ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់ទៅលើផលិតផលអាហារ ដែលប៉ះពាល់ស្រ្តីមានផ្ទៃពោះ និងកុមារនៅតាមផ្សារមួយចំនួន​ ដូចជា៖ ផ្សារបាយ័ន​, ផ្សារឡាក់គី​ និងផ្សារស៊ីធីម៉ល​ រួមជាមួយបណ្តាហាង និងផ្សារទំនើបផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ​។

ប្រតិបត្តិការចុះពិនិត្យទំនិញនេះ ស្ថិតក្រោមការណែនាំពីសំណាក់លោក​ ពេញ​ ធារម្យ​ ប្រធានសាខាកាំកុង​ត្រូលផែស្ងួតចុងទីភ្នំពេញ។ មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា «ការចុះស្រាវជ្រាវ​ និងពិនិត្យទំនិញនៅផ្សារបាយ័ន, ផ្សារឡាក់គី​ និងផ្សារស៊ីធីម៉ល​ ពុំមានទំនិញណាមានមេរោគបាក់​តេរី​ E.coli 0157;H7​ នោះទេ​។ ដូច្នេះមន្ត្រីកុងត្រូលបាន​ណែនាំ និងអំពាវនាវ​ដល់អាជីវករធំតូចទាំងអស់​ត្រូវរឹតបណ្តឹង និងពិនិត្យឲ្យបានម៉ត់ចត់ មុនយកទំនិញទាំងនោះ មកដាក់​លក់តាមទីផ្សារ​ ជាពិសេសផ្អែកសំខាន់ទៅលើ មេរោគបាក់​តេរី​ E.coli 0157;H7​ ដែលអគ្គនាយកដ្ឋានកាំកុងត្រូល កំពុងប្រកាស​ស្រាវជ្រាវស្វែងរក និងទប់ស្កាត់​ ព្រោះបើបងប្អូនពិសារអាហារណាដែលមានមេរោគទាំងនេះ​ វាអាចបណ្តាលឲ្យបាត់បង់អាយុជីវិត​»

ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូលក៏បានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋក៏ដូចសាធារជនផងដែរ៕