(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiatia នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានសម្ភោធមូលនិធិអាជីវកម្មឌីជីថល ដែលមានទុនវិនិយោគ​ចំនួន៥លានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុន និងក្រុមហ៊ុនបង្កើតថ្មី ក្នុងវិស័ឌីជីថលនៅកម្ពុជា។

ការប្រកាសដាក់សម្ពោធមូលនិធិនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធអន្ដរក្រសួង និងតំណាងពីសហគមន៍បច្ចេកវិទ្យា នៅកម្ពុជាជាច្រើនរូប។

មូលនិធិនេះ សម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ផ្តល់ប្រឹក្សា និងវិនិយោគ Mekong Strategic Partners។ មូលនិធិនេះ សំដៅធ្វើការវិនិយោគទៅលើអាជីវកម្មនៅក្នុងវិស័យ ឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវិស័យនេះ ដែលគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាមួយកម្រិតទៀត។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងឲ្យដឹងថា មូលនិធិអាជីវកម្មឌីជីថលនេះ ត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាមួយកម្រិកទៀត ​ទៅលើវិស័យឌីជីថល។

លោកបានបន្ដទៀតថា «យើងកំពុងស្វែងរកក្រុមហ៊ុន ឬសហគ្រិនក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងទាក់ទងនឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មឌីជីថល ការកំសាន្ដ ប្រព័ន្ធផ្សព្វ​ផ្សាយសង្គម ការផ្សាយពាណិជ្ជកម្ម ការអប់រំ និងការថែទាំសុខភាព។ បច្ចេកវិទ្យាទាំងនេះ នឹងមិនត្រឹមតែបំពេញបន្ថែម បណ្ដាញតភ្ជាប់ លំដាប់ថ្នាក់លេខមួយប៉ុណ្ណោះទេ តែធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល និងភាពតភ្ជាប់កាន់តែខ្ពស់»

លោកបន្ថែមថា ការវិនិយោគមូលនិធិសម្រាប់បុគ្គលម្នាក់ៗ ដោយមានចន្លោះទឹកប្រាក់ពី២៥ពាន់ ដល់៥០ពាន់ ដុល្លារអាមេរិក ដោយអាស្រ័យលើដំណាក់កាលនៃការអភិវឌ្ឍន៍អាជីវកម្ម វិស័យពាក់ព័ន្ធ និងតម្រូវការថវិកា របស់អាជីវកម្មនីមួយៗ។ បន្ថែមពីការ​គាំទ្រផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនក៏នឹងផ្ដល់ការគាំទ្រដល់អាជីវកម្ម និងចាប់ផ្ដើមអាជីវកម្មថ្មី តាមរយៈការផ្ដល់ ប្រឹក្សាការចែករំលែកចំណេះ​ដឹង និងការគាំទ្រផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម។

លោកបញ្ជាក់ថា «យើងបានផ្ដល់ការគាំទ្រ គ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុន និងអាជីវកម្មដែលបានសម្រេចចិត្ត​ធ្វើការវិនិយោគ ដោយ​ផ្ដល់ឲ្យពួកគាត់ នូវការគាំទ្រផ្នែកបច្ចេកទេស និងលទ្ធភាពភ្ជាប់ទៅកាន់អតិថិជន ជាង៨លាននាក់ ដែលបាននិងកំពុងប្រើប្រាស់ សេវាកម្មឌីជីថលនៅក្នុងជីវិតប្រចាំថ្ងៃ»

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក បានថ្លែងឲ្យដឹងថា «មានគំនិតច្នៃប្រឌិតជាច្រើនដែលកំពុងកើតឡើង​ក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ហើយក្នុងនាមជាភាគីពាក់ព័ន្ធសំខាន់ក្នុងវិស័យនេះ យើង​គួរតែផ្ដោតការយកចិត្តទុកដាក់ ទៅលើការកំណត់អត្តសញ្ញាណការសហការ និងការអនុវត្តន៍នូវឱកាសល្អបំផុតសម្រាប់​បច្ចេកវិទ្យាដើម្បី រួមបញ្ជូលបច្ចេកវិទ្យា ឆ្ពោះទៅរកការសម្រេចបាន យ៉ាងពិតប្រាកដក្នុងប្រទេសកម្ពុជា»

លោកបានបន្ដទៀតថា «ក្រុមហ៊ុន Smart គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ខ្ញុំសូមសសើរចំពោះការគាំទ្ររបស់ក្រុមហ៊ុន តាមរយៈ​ការ​ផ្ដួចផ្ដើមជាច្រើន ដូចជាមូនិធិសម្រាប់អាជីវកម្មបែបឌីជីថល និងកម្មវិធី SmartStart ជាដើម ដែលការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់សហគ្រិនក្នុងវិស័យឌីជីថលនៅកម្ពុជា»

សូមបញ្ជាក់ថា សម្រាប់មូលនិធិអាជីវកម្មឌីធីថលរបស់ក្រុមហ៊ុន Smart គឺជាវេទិការមួយ ដើម្បីបង្កើតឡើងក្នុងការជំរុញសហគ្រិនវ័យ​ក្មេង និងអាជីវកម្មមានសក្ដានុពល អាចរីកលូតលាស់ទៅមុខ៕