(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា «ប្រជាពលរដ្ឋគ្រប់រូប គឺជាម្ចាស់នៃភាពស្អាត និងភាពបៃតង នៅក្នុងទីក្រុងរបស់ខ្លួន»។ ខ្លឹមសារនេះមានន័យថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធនានា ដែលធ្វើការសម្អាតបរិស្ថាន នៅមិនគ្រប់គ្រាន់នោះទេ ពោលគឺមានតែបងប្អូនប្រជាពលរដ្ឋក្នុងទីក្រុង និងមូលដ្ឋានទាំងអស់ បំផុសនូវការចេះស្រឡាញ់បរិស្ថាន ពីបេះដូងរៀងៗខ្លួន ទើបអាចទទួលបរិស្ថានស្អាតល្អបានពិតប្រាកដ។

ការលើកឡើងនេះ ក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងពិធី ទិវារជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួម ពីសាលាក្រុងសួង មន្ទីរ/អង្គភាពពាក់ព័ន្ធ ស.ស.យ.ក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៥០០នាក់។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា «ដើម្បីឲ្យទីក្រុងយើងស្អាត ប្រកបទៅដោយបរិស្ថានល្អ ឆ្ពោះទៅដណ្តើមពានរង្វាន់ ទីក្រុងស្អាតពេលឆាប់ៗនេះ ក្នុងនោះយើងមិនមែនតែធ្វើការសម្អាតមួយពេលនេះ ហើយទីក្រុងស្អាតរហូតនោះទេ ទាល់តែមានការចូលរួម ដោយផ្តើមចេញពីយើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព អាជីវករ និងប្រពលរដ្ឋទូទាំងប្រទេសទាំងអស់ ដោយក្នុងនោះដែរ ប្អូនៗក្មួយៗ សិស្សានុសិស្សដែលចូលរួមនៅពេលនេះ ជាអ្នកផ្សព្វផ្សាយបន្ត ដល់ឪពុកម្តាយ បងប្អូនជិតខាងនៅតាមមូលដ្ឋាន ដើម្បីឲ្យគាត់ជ្រាបកាន់តែច្បាស់ថា ដើម្បីការពារបរិស្ថានយើងឲ្យបានស្អាតល្អជាទីក្រុងបៃតងនោះ គឺត្រូវតែជា «ទីក្រុងស្អាត គ្មានសម្រាម គ្មានក្លិនមិនល្អ ចោលសម្រាមក្នុងធុងសម្រាម»  ក្នុងន័យដើម្បីសោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូនកូនចៅរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យ មកលេងកំសាន្តផងដែរ»

សូមបញ្ជាក់ថា៖ សកម្មភាពប្រមូលសម្រាមនៅតាមដងផ្លូវនានា ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំនេះ គឺដើម្បីសោភ័ណភាព បរិស្ថានស្អាត ក្នុងន័យចង់បង្ហាញ និងបំផុសចលនាឲ្យប្រជាពលរដ្ឋ មានការចូលរួមក្នុងបុព្វហេតុទីក្រុងស្អាត តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមិនបោះចោលសម្រាម ពាសវាលពាសកាល៕