(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ...គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផងដែរ។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស សង្រ្គោះជាតិ គឺផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុក​នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះក្រសួងមានសមត្ថកិច្ច ក៏ពុំទទួលស្គាល់លើសមាជនេះផងដែរ។

ប្រការ៤៧ នៃលក្ខន្តិកៈនោះ បានចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយ​គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ដើម្បីជួយការងារប្រធានស្តីទីរហូតដល់ចប់អាណត្តិ ដែលកំណត់នៅខែមេសា ឆ្នាំ២០១៨។

គិតចាប់ពីថ្ងៃដែល លោក សម រង្ស៊ី លាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៨ គឺមានរយៈពេល ១៤ខែប៉ុណ្ណោះ ដែលតិចជាង១៨ខែ។ ប៉ុន្តែគណបក្សប្រឆាំង បានធ្វើសមាជជ្រើសរើសប្រធានមួយរូប និងអនុប្រធាន៣រូបទៅវិញ៕