(សៀមរាប)៖ ​លោកគ្រូ-អ្នកគ្រូ សាលាបឋមសិក្សាប្រស្រែចំនួន២៤នាក់ បានទៅទស្សនកិច្ចសិក្សា នៅតំបន់អង្គរ ខេត្តសៀមរាប រយៈពេល៣ថ្ងៃ២យប់ ដោយមានការសម្រួលពី លោក អ៊ាវ លាង ប្រធានក្រុមការងារឃុំបឹងព្រះ បានចាត់ចែងឲ្យក្រុមការងារ ដើម្បីរៀបចំដំណើរទស្សនកិច្ចនេះ។

លោកគ្រូ-អ្នកគ្រូ បានធ្វើដំណើរទៅដល់ទឹកដីតំបន់ទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក៏បានអញ្ជើញ​ទៅទស្សនាប្រាសាទបន្ទាយស្រីមុនគេ បន្ទាប់មកទៀត បានទទួលទានអាហារ មិត្តភាពពេលល្ងាច​នៅភោជនីយដ្ឋាន​ទន្លេមេគង្គ និងបានទស្សនាសិល្បៈនៅទីនោះ ក្រុមប្រតិភូបានបន្តដំណើរកម្សាន្តនៅផ្លូវ «Pop Street» ដែលជាទីប្រជុំជនទេសចរណ៍ ដ៏សំខាន់នៃខេត្តសៀមរាប។

លុះព្រឹកឡើងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រតិភូបានអញ្ជើញទស្សនា ប្រាសាទនានាតាមកម្មវិធីដូចជា ១៖ ខ្លោងទ្វារខាងត្បូងនៃក្រុងអង្គរធំ ២៖ ប្រាសាទបាយ័ន ៣៖ ប្រាសាទតាព្រហ្ម ៤៖ ទទួលទានអាហារថ្ងៃត្រង់ ៥៖ ប្រាសាទអង្គរតូច ៦៖ ភូមិវប្បធម៌កម្ពុជា និង៧៖ ទទួលអាហារពេលល្ងាចនៅភោជនីយដ្ឋានទន្លេសាប។

វត្តមានរបស់លោកគ្រូ-អ្នកគ្រូ នៅលើដែនដីវប្បធម៌ដ៏ចំណាស់មួយនេះ បានផ្តល់អារម្មណ៍រំភើបឥតឧបមាលើសពីការស្មាន រីឯដំណើរកម្សាន្ត ពេលយប់នៅតាម «Pop Street» ដែលលាយឡំដោយទេសចរណ៍ភាគច្រើន ជាភ្ញៀវបរទេសឯណោះវិញ បានទាក់ទាញអារម្មណ៍ និងបញ្ជាក់ពីការរីកចម្រើន សុវត្ថិភាព និងសុខមាលភាព របស់ប្រទេសជាតិខ្មែរ ដែលកើតចេញមកពី សុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សច្ចភាពនេះ ផ្ទុយពីអ្វីដែលអ្នកណាធ្វើនយោបាយបែបប្រជាភិថុតិមួយចំនួន ដែលតែងតែបន្ដុះ បង្អាប់ ការកសាងប្រទេសរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន លោក ប៉ែម ប៉ិន ប្រតិភូម្នាក់ក្នុងចំណោមលោកគ្រូ-អ្នកគ្រូ មានវត្តមាន បានសម្តែងការភ្ញាក់ផ្អើល និងបាននិយាយថា «ខ្ញុំមិននឹកស្មានថា ប្រទេសយើងមានការផ្លាស់ប្ដូរ និង មានភាពរីកចម្រើនដូចពេលនេះនោះទេ»។

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ បានធ្វើឲ្យប្រតិភូទាំងអស់ ដិតជាប់នូវស្នាមអនុស្សាវរីយ៍រាប់មិនអស់ ហើយបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រកបដោយសុខសុវត្ថិភាព ៕