(ពោធិ៍សាត់)៖ ករណីស្ត្រីវ័យ៥៣ឆ្នាំម្នាក់ នៅក្រុងពោធិ៍សាត់ ដែលត្រូវបានក្រុមគ្រួសារប្រទះឃើញ ចង-ក សម្លាប់ខ្លួន ជាមួយ​អាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយ ហើយត្រូវបានគេសង្ស័យថា អាចមកពីជំពាក់លុយគេ ខ្លាចប្តីដឹងនោះ ស្រាប់តែនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សាច់ញាតស្រី្ដរងគ្រោះ បានចេញមុខបដិសេធចំពោះព័ត៌មានទាំងនេះ ពោលមិនមែនស្លាប់ដោយការជំពាក់បំណុលនោះឡើយ។

លោក សួន លីណា ត្រូវជាក្មួយប្រុស របស់ជនស្រ្ដីរងគ្រោះខាងលើនេះ បានបញ្ជាក់មកអង្គភាព Fresh News តាមរយៈទូរសព្ទ័នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះឲ្យដឹងថា «ខ្ញុំសូមចេញមុខបដិសេធទាំងស្រុង ចំពោះព័ត៌មានបានចុះផ្សាយថា អ៊ុខ្ញុំ ចង-ក សម្លាប់ខ្លួន ដោយសារជំពាក់បំណុល​នោះ វាមិនមែនជាការនោះពិត»

លោក សួន លីណា បាននិយាយឲ្យដឹងថា ចំពោះការស្លាប់អ៊ុរបស់លោក មិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែ មានការសង្ស័យថា គាត់មានគ្រោះ គឺមិនមែនស្លាប់ដោយសារជំពាក់បំណុលគេ​នោះទេ។

សូមបញ្ជាក់ថា ស្ត្រីដែលដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះ មាស សុផល អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវករលក់អាវជជុះ ក្នុងផ្សារពោធិ៍សាត់ មានប្តីឈ្មោះ អ៊ីត សួងមុនី អាយុ៥៤ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ បានស្លាប់កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕