(រតន​គិរី)៖ កម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកលំផាត់ និងមន្រ្តីបរិស្ថាន បានចុះទៅបង្ក្រាបបទល្មើសកាប់បំផ្លាញ និងកែច្នៃឈើមួយករណី បង្កដោយជនជាតិវៀតណាមមួយក្រុម ស្ថិតនៅចំណុចព្រៃក្នុងភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ជាប់ព្រំប្រទល់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជាលទ្ធផលកម្លាំងនគរបាល និងមន្រ្តីបរិស្ថាន បានឃាត់ខ្លួនជាតិវៀតណាមចំនួន៧នាក់ ព្រមទាំងដកហូតរណាយន្តចំនួន៨គ្រឿង រថយន្តកែច្នៃចំនួន១គ្រឿង និងម៉ូតូចំនួន២គ្រឿងផងដែរ។

មន្រ្តីនគរបាលការិយាល័យអន្តោប្រវេសន៍ ខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីទទួល​បានព័ត៌មានកាលពីរសៀលម្សិលមិញថា មានជនជាតិវៀតណាមមួយក្រុមលួចឆ្លងដែនចូល មកទឹកដីខេត្តរតនគិរី ហើយធ្វើការកាប់បំផ្លាញ និងកែច្នៃឈើខុសច្បាប់នោះ កម្លាំងនគរបាល និងមន្រ្តីបរិស្ថានបានចុះទៅបង្ក្រាបភ្លាម រហូតមានការចាប់ខ្លួនបានជាក់ស្តែងតែម្តង។

បើតាមមន្រ្តីនគរបាល សម្រាប់ជនជាតិវៀតណាមទាំងនេះ បន្ទា​​ប់ពីបញ្ចប់ការសួរនាំរួចមក ពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមផ្លូវច្បាប់ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។ សម្រាប់ប្រតិបត្តិការមួយនេះ កម្លាំងនគរបាលក៏បានឃាត់ជនជាតិខ្មែរ២នាក់ផងដែរ។

សូមបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការចុះត្រួតពិនិត្យការស្នាក់នៅ និងធ្វើការរបស់ជនបរទេសនោះ កម្លាំងនគរបាលជំនាញ​ សហការជាមួយកម្លាំងនគរបាលតាមបណ្តារាជធានី-ខេត្ត បាននិងកំពុងបន្តយុទ្ធនាការនេះ ជាប្រចាំដើម្បីកាត់បន្ថយបទល្មើសមួយនេះ ឲ្យខាងតែបាន៕