(កំពង់ស្ពឺ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសណែនាំទៅក្រសួង-ស្ថាប័ន-អង្គភាពនានា នៅកម្រិតថ្នាក់ជាតិ ចាំបាច់ត្រូវទទួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះការងារផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅដល់ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រមុខក្រសួងមហាផ្ទៃថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញឡើងសម្ពោធបើកឲ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ពីមុនកិច្ចការទាំងអស់ ថ្នាក់ជាតិអ្នកសម្រេច តែឥឡូវថ្នាក់ក្រោមជាតិ ជាអ្នកសម្រេចម្ដង ប៉ុន្តែការផ្ទេរសិទ្ធិ អំណាច មិនគ្រប់គ្រាន់នោះទេ គឺត្រូវផ្ទេរទាំងធនធានមនុស្ស ថវិកាជាមួយគ្នាផងដែរ ដើម្បីឲ្យថ្នាក់ក្រោមជាតិ អាចកសាងធនធានមនុស្សនៅនឹងកន្លែង ពោលគឺក្រសួង-ស្ថាប័ននីមួយៗ ត្រូវទទួលខុសត្រូវ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឡើង»

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ចាំបាច់ត្រូវធានាថា នៅមូលដ្ឋានប្រជាពលរដ្ឋ វិស័យនីមួយៗ ដែលជាបន្ទុកការងាររបស់ខ្លួន មានធនធានមនុស្សសម្រាប់បម្រើការគ្រប់គ្រាន់ឬអត់ បើមិនទាន់គ្រប់គ្រាន់ទេ ដាច់ខាតត្រូវទទួលខុសត្រូវបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម និងផ្គត់ផ្គង់ថវិកាឲ្យបានគ្រប់គ្រាន់។

ថវិកាដែលយកទៅប្រើប្រាស់សម្រាប់ការងារទាំងប៉ុន្មានខាងលើនោះ បានពីប្រភពផ្គត់ផ្គង់ចំនួន៣ រួមមាន ទី១.ថវិកាដែលរដ្ឋផ្ដល់ឲ្យ, ទី២.ថវិកាដែលរដ្ឋផ្ដល់សិទ្ធិឲ្យក្រសួង-ស្ថាប័ននោះ រកដោយខ្លួនឯង តាមរយៈច្រកចេញចូលតែមួយ និងទី៣.ចំណូលបានពីដៃគូអភិវឌ្ឍន៍នានា មានអង្គការក្រៅរដ្ឋាភិបាល សមាគមជាតិ-អន្តរជាតិ សប្បុរសជន ដើម្បីជួយទ្រទ្រង់ការអភិវឌ្ឍនៅមូលដ្ឋាន។

អ្វីទាំងអស់ខាងលើ គឺជានយោបាយមជ្ឈការ វិមជ្ឈការ វិសហមជ្ឈការ ដែលជានយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ទេរអំណាចមកថ្នាក់រាជធានី-ខេត្ត ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ថ្នាក់ឃុំ-សង្កាត់មូលដ្ឋាន តាមការចាំបាច់ និងសមស្រប ក្នុងដំណាក់កាលដែលអាចធ្វើបាន, សម្ដេចក្រឡាហោមថ្លែងយ៉ាងដូច្នេះ។

សម្ដេច ស ខេង បានបន្ថែមថា «ប្រទេសកម្ពុជា ប្រកាន់លទ្ធិប្រជាធិបតេយ្យ ផ្ដល់សិទ្ធិ អំណាចជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិចូលរួម អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន, ទឹកដីនេះ ជាទឹកដីរបស់យើងទាំងអស់គ្នា មិនមែនរបស់នរណាម្នាក់នោះទេ ដូច្នេះការងារទាំងអស់ គឺត្រូវធ្វើដើម្បីប្រជាពលរដ្ឋ»