(ភ្នំពេញ)៖ គណៈកម្មការចំរុះទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានដឹកនាំកំលាំងទៅបង្ក្រាបបទល្មើស ព្រៃឈើទ្រង់ទ្រាយធំមួយ នៅចំណុចប៉ុស្ដ៏អូរហ៊ុច ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ឥឡូវបានឈានដល់កោះហៅព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី មកសាកសួរទៀតហើយ បន្ទាប់ពីកោះហៅស្នងការ មេបញ្ជាការអាវុធហត្ថ មេយោធាខេត្ត និងមេច្រករួមទាំងប្រពន្ធមកសួរនាំរួចមកនោះ។

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបអោយដឹងថា នៅព្រឹកនេះ គណៈកម្មការចំរុះខាងលើបានកោះហៅលោក លឹម ហុកម៉េង មកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតែម្ដង ដោយមិនបានហៅសួរនាំនៅក្នុងខេត្តមណ្ឌលគិរី ដូចករណីសួរមន្ត្រីផ្សេងៗទៀតនោះទេ តែលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកមិញថា លោកមិនបានដឹងរឿងនេះទេ ព្រោះលោកមិនស្ថិតនៅក្នុងគណៈកម្មការនោះ។

ប៉ុន្តែតាមប្រភពពីមន្ត្រីបានអះអាងថានៅព្រឹកមិញនេះ គណៈកម្មការចំរុះដែលដឹកនាំដោយលោកឧត្តមសេនីយ៏ ហុង វិណុល ពិតជាបានកោះហៅ លោកព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី លឹម ហុកម៉េង មកសួរនាំមែន ដោយក្នុងនោះគេថែមទាំងឃើញលោកឧត្តមសេនីយ៏ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលស្ថិតនៅក្នុងគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច ក៏មកទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមសួរនាំផងដែរ។​ លោក ហុង វិណុល ថ្នាក់ដឹកនាំក្នុងគណៈកម្មការចំរុះមួយ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ថា លោកមិនទាន់ទទួលបានករណីនេះនៅឡើយទេ ដោយកំពុងរវល់ជាមួយក្រុមការងារនៅឡើយ ដោយបង្វែរឲ្យសួរទៅលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី។ តែសម្រាប់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានឆ្លើយថា លោកក៏មិនបានដឹងនោះទេ។

សូមបញ្ជាក់ថាសំណុំរឿង បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅចំណុចអូរអាហ៊ុចដែលមន្ត្រីអាជ្ញាធរ សមត្ថកិច្ចក្នុងខេត្តឃុបឃិតគ្នាអនុញ្ញាត អោយជនជាតិវៀតណាម នាំគ្រឿងចក្រចូលមកកាប់ឈើដឹកចេញទាំងថ្ងៃទាំងយប់ ហើយត្រូវបានគណៈកម្មការចំរុះចុះបង្ក្រាបដោយឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរជាច្រើននាក់ រួមទាំងដកហូតវត្ថុតាងបទល្មើសបានជាច្រើនមកនោះ។ រហូតមកដល់ពេលនេះ ការបើកធ្វើការស៊ើបអង្គេត រកអ្នកពាក់ព័ន្ធ​ នៅមិនទាន់ចប់នៅឡើយទេ តាមការបង្ហើបក្រៅពីកោះហៅមេនគរបាល មេអាវុធហត្ថ មេយោធា និងព្រះរាជអាជ្ញាខេត្តមកសាកសួរយកចំលើយនោះ គេថានៅមានកោះហៅមន្ត្រីនៅក្នុងខេត្តថ្នាក់ធំៗជាងនេះ មកសាកសួរបន្ថែមទៀតជាមិនខាន ហើយសំណុំរឿងក៏នៅមិនទាន់បិទបញ្ចប់ដែរ៕