(ភ្នំពេញ)៖ The View កម្ពស់ ៣២ជាន់ ជាប្រភេទអាគារខុនដូ ដែលបោះទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក ហើយបានសម្រេចការលក់របស់ខ្លួនជាង៧០% ជាមួយនឹងការបញ្ជាទិញច្រើនជាថែមទៀត។

នាយកគ្រប់គ្រងផ្នែកលក់គម្រោង The View លោក ឈុន សម្បតិ្ត បានឱ្យដឹងថា អគារThe View កម្ពស់ ៣២ជាន់ ជាប្រភេទអាគារខុនដូ សាងសង់ឡើងនៅលើទំហំផ្ទៃដីជាង ១០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ត្រូវបានបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួនជាផ្លូវការ ហើយក្រុមហ៊ុនតៃវ៉ាន់ Grand Rich Fortune នេះ នឹងបន្តសិក្សាវិនិយោគបន្ថែមក្នុងតំបន់សក្តានុពលកម្ពុជាបន្តទៀត ក្នុងពេលឆាប់ខាងមុខនេះ។

លោកបន្តថា អគារខុនដូនេះ បែងចែកបន្ទប់ស្នាក់នៅចេញជាបីប្រភេទមានដូចជាប្រភេទ បន្ទប់ស្ទីតយ៉ូ បន្ទប់លក្ខណៈគ្រួសារដែលមានគ្រែ១ និងគ្រែ២ ហើយបច្ចុប្បន្នយើងទទួលបានការបញ្ជាទិញ ពីអតិថិជនបានជាង៧០% ដោយក្នុងនោះអតិថិជនជាជនជាតិខ្មែរពាក់កណ្ដាល ជនជាតិចិន១០% និងជនជាតិបរទេសផ្សេងទៀតប្រមាណ១០%។

លោកបន្ដថា «The View មានទីតាំងនៅក្នុងតំបន់បឹងកេងកង លើកំណាត់ផ្លូវលេខ៣៧០។ ចំពោះមូលហេតុដែលយើងជ្រើសរើសយកទីតាំងនេះ គឺដោយសារតែយើងយល់ឃើញថា វាជាតំបន់មួយដ៏ល្អ ព្រោះនៅជុំវិញ The View មានសាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្យ ស្ថានទូត និងជាទីតាំងដែលសម្បូរដោយអភិជនរស់នៅ ដែលយើងគិតថា វាជាតំបន់ដែលស័ក្តិសមសម្រាប់រស់នៅបំផុត»

ចំណែកលោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View បានឱ្យដឹងដែរថា តំបន់បឹងកេងកង នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមានសក្ដានុពលនៅជីងអានទីក្រុងសៀងហៃប្រទេសចិន និងតំបន់តាអាននៃកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លី ខណៈ ដែលទីផ្សារខុនដូ អាផាតមិន និងឧស្សាហកម្មអចលនទ្រព្យកំពុងមានកំណើនយ៉ាងលឿនបំផុតនៅទីតាំងមួយនេះ។

លើសពីនេះ លោកបន្តថា ការបោះទុនរាប់លានដុល្លារវិនិយោគ លើកម្រោងខុនដូ ក្នុងតំបន់បឹងកេងកងនៃប្រទេសកម្ពុជានេះ គឺដោយសារតែក្រុមហ៊ុនបានសិក្សាឃើញថា តំបន់នេះ ដូចគ្នាទៅនឹងតំបន់ដែលមានសក្ដានុពលបំផុត ក្នុងប្រទេសចិន ជីងអាន និងតំបន់ដែលមានតម្លៃអចលនទ្រព្យថ្លៃបំផុតនៅតំបន់តាអាននៃកោះតៃវ៉ាន់កាលពីអតីតកាល។

លោកថា «បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបានបង្វែរទិសដៅមកសម្លឹងមើលប្រទេសទាំងឡា ដែលស្ថិតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ កម្ពុជា គឺជាប្រទេសដែលមានការរីកចម្រើនខ្លាំងជាងគេ នៅក្នុងបណ្តាប្រទេសទាំងនេះ ពីព្រោះយើងឃើញថា 3ឆ្នាំជាប់គ្នា កម្ពុជាមាន GDP កើនឡើងដល់ទៅជាង៧% ព័ត៌មាននេះបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍មកលើកម្ពុជា»