(កណ្តាល)៖ អនុប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ម៉ក់ ពេជ្ជរិទ្ធ បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវតែធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋរបស់យើង។

លោកបានថ្លែងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើតែអំពើល្អ ជាមួយប្រជាពលរដ្ឋ ហើយយើងជាអ្នកបំរើប្រជាពលរដ្ឋដោយពិតប្រាកដ»

លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា ក្រុមការងាររបស់លោក មិនមែនមកតែប្រជុំ ហើយចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។

ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋដែលពួកគាត់ជួបការលំបាក ផ្ទះរបស់ពួកគាត់ដំបូលទ្រុឌទ្រោម បានស្មើសុំរទេះរុញ សម្រាប់ដឹកសំរាម ហើយរាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់ ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

លោកបានបន្តទៀតថា «អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗ ដោយមិនទុកយូរទេ»។  ក្រោយបញ្ចប់ពិធីសំណេះសំណាល ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ គគីរនិងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករ ដល់ប្រជាពលរដ្ឋទាំង៣០០គ្រួសារផងដែរ ៕