(ភ្នំពេញ)៖ នារយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទតែងតែមាន ការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករ​ឥតណទានជនបទ ថាជាគ្រឹះស្ថានរបស់រដ្ឋ។

ដើម្បីបញ្ជាក់កុំឲ្យមានការយល់ច្រឡំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញនូវសេចក្ដីថ្លែង ការណ៍រួមមួយ បំភ្លឺដល់សាធារណៈជនថា៖

១៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករ ឥតណទានជនបទទាំងអស់​ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា គឺជាគ្រឹះស្ថាន ដែលកាន់កាប់ និងគ្រប់គ្រងដោយឯកជន មិនមែនជារបស់រដ្ឋឡើយ។

២៖ គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ដែលត្រូវតែស្វែងរកប្រាក់ចំណេញសម្រាប់ទ្រទ្រង់និរន្ដរភាពប្រតិបត្តិការរបស់ខ្លួន។

៣៖ ប្រជាពលរដ្ឋដែលខ្ចីប្រាក់ពី ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបា្រក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥតណទានជនបទ ត្រូវមានកាតព្វកិច្ចសងប្រាក់កម្ចីវិញ។ ការមិនគោរពកាតព្វកិច្ចសងប្រាក់កម្ចីវិញ អាចប៉ះពាល់ជាអវិជ្ជមានដល់កេរ្ដិ៍ឈ្មោះរបស់​អ្នក​ខ្ចីប្រាក់ និងមិនអាចទទួលបានប្រាក់កម្ចីថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវ ការនាពេលក្រោយ។

៤៖ ធនាគារអភិវឌ្ឍន៍ជនបទ គឺជាធនាគាររបស់រដ្ឋតែមួយគត់ ដែលបានរួមចំណែកផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងគាំទ្រការ ផ្ដល់ប្រាក់កម្ចី​ដល់វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងផ្ដល់ប្រាក់កម្ចី បន្ដដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែល​ជំពាក់ប្រាក់ធនាគារនេះ ត្រូវមានកាតព្វកិច្ចសង ប្រាក់មកធនាគារវិញ។

៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា សង្ឃឹមនិងជឿជាក់ថា អាជ្ញាធរមូលដ្ឋាន នឹងសហការចូលរួមផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ កុំឲ្យយល់​ច្រឡំថាធនាគារពាណិជ្ជ ធនាគាឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិការឥណទានជនបទ ជា​របស់រដ្ឋ និងដើម្បីជៀសវាងការឃោសនាភូតកុហករបស់ជនអគិតបន្ដទៀត។

៦៖ ជនណាដែលដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋអំពីបញ្ហាលុបបំណុល និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

សេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា៖