(ភ្នំពេញ)៖ សំណើសុំដាក់បេក្ខជន លោក ជា វណ្ណដេត តំណាងរាស្រ្តបំរុងនៅខេត្តតាកែវ ធ្វើជាតំណាងរាស្រ្តជំនួស​សម្តេច​វិបុលបញ្ញា សុខ អាន ពេលនេះ បានចូលដល់រដ្ឋសភាហើយ។ នេះបើតាមការឱ្យដឹងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា។

លោក ឡេង ប៉េងឡុង បានឱ្យដឹងថា រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅដើមខែក្រោយនេះ ដើម្បីទទួលស្គាល់ លោក ជា វណ្ណដេត ហើយក៏គ្រោងនឹងប្រកាសសុពលភាពក្នុងកិច្ចប្រជុំពេញអង្គ នៅខែក្រោយនេះដែរ។ បន្ទាប់ពីនោះ លោក ជា វណ្ណដេត នឹងក្លាយជាតំណាងរាស្រ្តជំនួសសម្តេច សុខ អាន។

នាថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា​ បានដាក់សំណើទៅគ.ជ.ប ដើម្បីពិនិត្យ និងទទួលស្គាល់ បេក្ខជន លោក ជា វណ្ណដេត ជាតំណាងរាស្រ្តជំនួសសម្តេច សុខ អាន។ ជាមួយគ្នានេះ បន្ទាប់ពីទទួលស្គាល់ គ.ជ.ប ក៏បញ្ជូនសំណើនេះ ទៅកាន់រដ្ឋសភាតែម្តង។

សូមបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាង​រាស្រ្តមណ្ឌលខេត្តតាកែវ បានទទួលមរណភាព កាលពីវេលាម៉ោង ០៦៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ​ទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕