(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ដោយ​ខាង​ក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖

១៖ ប៉ូលិសអង់គ្លេសបានកំណត់អត្តសញ្ញាណ ជនដែលបានវាយប្រហារស្លាប់មនុស្ស០៥នាក់ នៅ​ឯ​ខាង​ក្រៅ​បរិវេណ​សភា​​អង់​​គ្លេស​​ក្នុង​​ទីក្រុងឡុងដ៍​កាល​​ពី​ថ្ងៃ​ពុធ​សប្តាហ៍​ថារូបគេគឺជាពលរដ្ឋអង់គ្លេសមានឈ្មោះថា Khalid Masood អាយុ៥២ឆ្នាំ ខណៈក្រុម ISIS បាន​ចេញ​មុខអះ​អាង​ថាជា​អ្នក​រៀប​ចំគំរោងវាយប្រហារដ៏អាក្រក់នេះ។

២៖ រដ្ឋាភិបាលកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះអង់គ្លេស និងអះអាងថាទីក្រុងព្យុងយ៉ាងប្រឆាំង​ចំពោះ​អំពើ​ភេរវ​កម្ម​គ្រប់​ទម្រង់។

៣៖ អ៊ីតាលីរឹងបន្តឹងសន្តិសុខយ៉ាងរឹងមាំ ស្របពេលដែលមេដឹកនាំសហភាពអឺរ៉ុបចំនួន២៧រូប នឹងចូលរួមកិច្ចប្រជុំមួយនាថ្ងៃសៅរ៍សប្តាហ៍​នេះ នៅក្នុងទីក្រុងរ៉ូម សម្រាប់គម្រប់ខួបទី៦០នៃសន្ធិសញ្ញាទីក្រុងរ៉ូម។

៤៖ ពលរដ្ឋអង់គ្លេសរួមគ្នាកាន់ទុក្ខជនរងគ្រោះដែលបានបាត់ជីវិតក្នុងការវាយប្រហារដ៏រន្ធត់ឯកណ្តាលបេះដូងទីក្រុងឡុងដ៍។

៥៖ ដោយសារតែបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ដ៏អាក្រក់នៅតែកំពុងបន្តវាយប្រហារប្រទេសប៉េរូ និងមកទល់ពេលនេះ​បាន​ឆក់​យក​ជីវិត​​មនុស្ស​សរុប​ចំនួន​៧៩​​នាក់  ហើយ​២៦៧នាក់ផ្សេងទៀតបានទទួលរង​របួស រួមជាមួយមនុស្សដល់ទៅ​១០៣,៨០០នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់ពួកគេទៅកាន់ទីទួលមានសុវត្ថិភាព។

៦៖ វៀតណាម សម្រេចផ្អាកនាំចូលសាច់សត្វរាប់ពាន់តោនពីប្រេស៊ីលដោយសារតែបញ្ហាអនាម័យធ្ងន់ធ្ងរ។

៧៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ទទួលបានសារគំរាម បន្ទាប់ពីហ៊ានជំទាស់នឹងបទបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕