(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តសេនីយ៍ទោ លន់ សុផាត បានជម្រុញឲ្យកងកម្លាំងនគរបាល​វរការពារព្រំដែន​គោកលេខ៦១៩ បន្តការខិតខំបំពេញការងារហ្វឹកហ្វឺន និងប្រចាំការឲ្យបានជាប់លាប់ ដើម្បីការពារសុខសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម។

ការជម្រុញបែបនេះរបស់ លោកឧត្តសេនីយ៍ទោ លន់ សុផាត បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលការពារព្រំដែន ក្នុងទីបញ្ជារការវរៈការពាព្រំដែនគោកលេខ៦១៩ ចំណុះឲ្យ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលចូលមកដល់នៅខែក្រោយ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំនូវថវិកាចំនួន៤លានរៀល និងអង្ក២តោន ព្រមទាំងសម្ភារជាគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ ទៅចែកជូនដល់កងកម្លាំងផងដែរ។

ថ្លែងទៅកាន់កងកម្លាំងនគរបាលវរៈការពារព្រំដែនគោក ដែលកំពុងតែឈរជើងបំពេញកាតព្វកិច្ចការពារព្រំដែនរវាងខេត្តក្រចេះ ជាមួយខេត្តប៊ិញភឿគ ប្រទេសវៀតណាម ជិត១០០នាក់នៅរសៀលថ្ងៃនេះ លោកឧត្តសេនីយ៍ទោ លន់ សុផាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាអភិបាលខេត្តក្រចេះ ដល់កងកម្លាំងនគរបាល ការពារព្រំដែនគោកខេត្តក្រចេះ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី។

លើសពីនេះទៅទៀត លោកឧត្តសេនីយ៍ស្នងការ បានជម្រុញ «ឲ្យកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តការខិតខំបំពេញ ភារកិច្ចការងារ សហការដើរល្បាតតាមបណ្តោយ ខ្សែក្រវ៉ាត់ព្រំដែន និងការហ្វឹកហ្វឺនជាកងកម្លាំងដើម្បីបំពេញភារកិច្ចឲ្យកាន់តែមានសុខ សន្តិភាពតាមព្រំដែនបន្ថែមទៀត»