(ស្ទឹងត្រែង)៖ ក្រុមបាល់ទាត់មកពីខេត្តចំប៉ាសាក់ របស់ឡាវ បានយកឈ្នះក្រុមជម្រើសខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៣ ដែលកំពុងធ្វើឡើងនៅលើទឹកដី ខេត្តស្ទឹងត្រែងផ្ទាល់តែម្ដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា សម្រាប់បុណ្យទន្លេឆ្នាំនេះ ភាគីឡាវ ដែលជាប្រទេសជិតខាងរបស់កម្ពុជា បានបញ្ជូនកីឡា២ប្រភេទ មកចូលរួមប្រកួតលក្ខណៈមិត្តភាពជាមួយ ក្រុមតំណាងខេត្តស្ទឹងត្រែង គឺក្រុមកីឡាបាល់ទាត់ និងក្រុមបាល់ទះ ។

ជាក់ស្ដែង នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យទន្លេ ក្រុមបាល់ទាត់ខេត្តស្ទឹងត្រែង បានបើកទ្វាកីឡដ្ឋានខេត្តទទួលក្រុមខេត្តចំប៉ាសាក់ ប៉ុន្ដែជាលទ្ធផលក្រុមភ្ញៀវឡាវ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣-២ ។ កាលពីព្រឹកមិញ មានក្រុមបាល់ទះរបស់ឡាវមួយក្រុម ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែងផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា ទាំងការប្រកួតបាល់ទាត់ និងបាល់ទះលក្ខណៈមិត្តភាពរវាងប្រទេសទាំងពីរ មិនទាន់បញ្ចប់នោះទេ ពោលគឺនៅថ្ងៃទី២៥ ខែមីនាស្អែកនេះ ក្រុមបាល់ទាត់វ័យចាស់ខេត្ដស្ទឺងត្រែង នឹងទទួលក្រុមវ័យចាស់មកពី ខេត្តចំប៉ាសាក់របស់ឡាវមួយប្រកួតទៀត។ ចំណែកក្រុមបាល់ទះ គឺត្រូវនៅធ្វើការប្រកួតជម្រុះរហូតដល់ថ្ងៃទី២៦ ខែមីនា ដើម្បីប្រជែងតំណែងជើងឯកជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា។

គួរបញ្ជាក់ថា ថ្ងៃដំបូងនៃពិធីបុណ្យទន្លេ គឺមានកីឡាមួយចំនួនធំ បានធ្វើការប្រកួត និងសម្ដែងជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដរួចមកហើយ រួមមានកីឡារត់កម្សាន្ដ, បាល់ទាត់, បាល់ទះ, វាយសី, ទាញព្រ័ត្រ និងប្រដាល់គុនខ្មែរ។ នៅថ្ងៃបន្ទាប់ ក៏នឹងមានកីឡាជាច្រើនទៀត ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្ដរៀបចំអបអរសាទរបុណ្យទន្លេ លើកទី៣ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧នេះ៕