(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។

ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។

បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានបង្ហាញពីទំនាក់ទំនងកាន់តែល្អប្រសើរ និងស្អិតល្មួតរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជាកាលពីឆ្នាំ២០១៦ មាន កិច្ចព្រមព្រៀងយ៉ាងច្រើន ត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ៕